កំពង់ផែស្វយ័តភ្នំពេញគ្រោងចំណាយ៣៥លានដុល្លារដើម្បីពង្រីកហេដ្ឋា រចនាសម្ព័ន្ធចំណត​ផែកុងតឺន័រ

0

ដោយវុត្ថា

ភ្នំពេញ: មន្រ្ដីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញបានអះអាងថា កំពង់ផែគ្រោងនឹង​ ពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ ឱ្យបានធំទូលាយជាងមុន ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ៣៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទុកកុងតឺន័រឱ្យបានរហូត​ដល់​៥០ម៉ឺនTEUs ក្នុងមួយឆ្នាំ។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពិធីមួយ ដែលបានធ្វើនៅកំពង់ផែភ្នំពេញ ស្ថិតក្នុងស្រុកកៀន​ស្វា​យខេត្តកណ្តាលបានឲ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា គម្រោងអភិវឌ្ឍន៍ពង្រីកចំណតផែកុងតឺន័រក្នុងជំហានទី៣បន្ដទៀតនេះ ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់​ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។

លោកបន្តថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ នឹងត្រូវធ្វើការពង្រីកបន្ថែមទៀត នៅតាមកន្លែងកដបមួយចំនួន ដើម្បីងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ

លោកបានបន្ថែមថា បច្ចុប្បន្នទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) កំពធ្វើការសិក្សា ដើម្បីពង្រីកកន្លែងមួយចំនួនឱ្យបានធំទូលាយ កាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈឡានកុងតឺន័រចេញ ចូល ដឹកទំនិញច្រើនឆ្លងកាត់ មកកំពង់ផែនេះ​ផងដែរ។

លោកស៊ុន ចាន់ថុលក៏បានណែនាំដល់ដល់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្ដយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពប្រកួតប្រជែងសេវាកម្មផែ តាមរយៈតម្លៃ និងគុណភាពសេវា បន្ថែមទៀត ជាពិសេសពង្រីកសេវាកម្មផែផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ នៅក្នុងបរិបទសកលភាវូបនីយកម្ម។

កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រ ក្នុងជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែល​មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ  និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយ​ថវិកា​ប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here