ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានលើកឡើង ពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ខជាតិធំៗចំនួន៨ ដែលបានបញ្ចប់ការសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltdដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកនេះ។
លោកបន្តថា “កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម” ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់ និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បង ដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថa “វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុង តែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស”។
ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ និងមានសាខានៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោកប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕