ដោយៈ សហការី
ប្រទេសថៃៈ លោក ស៊ុធីឆៃ (Suthichai) អ្នកសារព័ត៌មានជើងចាស់ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយរំលេចពីវីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។
លោកបានប្រសិទ្ធនាមជូនសម្តេចតេជោ ហ៊ុន សែន ថាជា “ព្រឹទ្ធាចារ្យការទូតអាស៊ាន” ហើយបាននិងកំពុងដើរតួនាទី ជាអ្នកសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនទៀតផង។
តាមរយៈវីដេអូនៅលើបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Suthichai បានប្រើប្រាស់ប្រធានបទមួយថា សម្តេចតេជោ ហ៊ុន សែន ស្ម័គ្រចិត្តសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី និងលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។
ក្នុងការអត្ថាធិប្បាយនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានកោតសរសើរពីវីរភាពរបស់សម្តេច ក្នុងការធ្វើជាប្រធានអាស៊ាន ដែលមានបទពិសោធជាព្រឹទ្ធាចារ្យការទូតម្នាក់។
លោកបានលើកឡើងពីកម្ពុជា ដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេច នៅអង្គការសហប្រជាជាតិថ្កោលទោស ចំពោះប្រទេសរុស្ស៉ី ដែលឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ លោកក៏បានរិះគន់ផងដែរ ចំពោះប្រទេសថៃ ដែលបានបោះឆ្នោតអនុបវាទ លើសេចក្តីសម្រេចនេះ ខណៈថៃគ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយរុស្ស៉ី មិនដូចវៀតណាម និងឡាវឡើយ។
តាំងពីដើមមក បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ប្រទេសកម្ពុជា បានប្រកាសប្រកាន់ជំហរដាច់ខាត បោះឆ្នោតប្រឆាំងចំពោះប្រទេសរុស្ស៉ី ដែលបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិសំខាន់ផ្សេងៗ។ កម្ពុជាក៏ចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី ស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ព្រមទាំងស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ។
អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានសរសើរចំពោះកម្ពុជា ដែល “ហ៊ានអារកាត់ ហ៊ាននិយាយ” ហើយថែមទាំងបានអញ្ជើញ លោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅពេលខាងមុខនេះថែមទៀត ហើយកម្ពុជាក៏បានធ្វើជាអ្នកសម្របសម្រួល សន្តិភាពនៅអ៊ុយក្រែនផងដែរ។
ក្នុងឋានៈជាប្រធានអាស៊ាននាថ្មីៗនេះ កម្ពុជាបានអញ្ជើញ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកានេះផងដែរ។
ប៉ុន្តែរហូតដល់ពេលនេះ លោកពូទីន មិនទាន់បានតបចំពោះការអញ្ជើញនេះនៅឡើយ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងនោះ លោកក៏បានស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះផងដែរ។
លោក Suthichai បានគូសបញ្ជាក់ថា “សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលមានភាពឈ្លាសវៃ ហើយត្រូវបានមើលឃើញថា បានបំពេញតួនាទីជាប្រធានអាស៊ានដ៏ល្អ រហូតដល់វិនាទីចុងក្រោយ ហើយក៏ជាព្រឹទ្ធាចារ្យការទូតដ៏សំខាន់នៅអាស៊ានផងដែរ”៕