ដោយៈ សុខុម
កូឡុំបូ: កំពង់ផែដ៏ធំបំផុតនៃប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា បានចាប់ផ្ដើមសាងសង់គម្រោងចំណតមួយ មានតម្លៃ៧០០លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានមួយផ្នែក ពីក្រុមហ៊ុនឥណ្ឌា Adani Group។
មន្ត្រីស្រីលង្កា ជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនឥណ្ឌា បានហក់ចូលប្រឡូកក្នុងកំពង់ផែនៃប្រទេសសីលង្ការ។
ប្រទេសឥណ្ឌា នៅឆ្នាំនេះបានផ្ដល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុច្រើនបំផុតដល់ប្រទេសស្រីលង្ការ ខណៈប្រទេសជិតខាង ដែលស្ថិតនៅភាគខាងត្បូងរបស់ខ្លួនមួយនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៧ទសវត្សរ៍មកនេះ។
ប្រទេសឥណ្ឌា នៅពេលនេះមានមហិច្ឆតាចង់ឃើញ ក្រុមហ៊ុនឥណ្ឌា កាន់តែច្រើន ចាប់ផ្ដើមអនុវត្តគម្រោងរយៈពេលវែងនៅក្នុងប្រទេសីលង្ការ។
លោក Upul Jayatissa នាយកគ្រប់គ្រងនៃអាជ្ញាធរកំពង់ផែស្រីលង្កា (SLPA) បានថ្លែងប្រាប់ពីភ្នាក់ងារព័ត៌មាន Reuters ថា “តាមការរំពឹងទុក ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងបញ្ចប់នៅត្រីមាសទី៣ ចុងឆ្នាំ២០២៤ ហើយគម្រោងទាំងមូលនេះ នឹងបញ្ចប់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២៥”។
ក្រុមហ៊ុន Adani Group ដែលរកស៊ីជាច្រើនមុខរាប់ចាប់ពីប្រេងឆារហូតដល់កំពង់ផែរបស់មហាសេដ្ឋីមានបំផុតប្រចាំអាស៊ី Gautam Adani កាន់កាប់ភាគហ៊ុន៥១% នៅក្នុងចំណត West Container Terminal (WCT) នៃកំពង់ផែនេះ។ កំពង់ផែនេះ ក៏មានចំណតមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន China Merchants Port Holdings Co Ltd ផងដែរ។
ប្រទេសឥណ្ឌា និងប្រទេសចិន ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្ដើមយកឥទ្ធិពលនៅក្នុងប្រទេសដែនកោះ ដែលមានប្រជាជន២២លាននាក់ និងដែលមានភូមិសាស្ត្រ ស្ថិតនៅជិតផ្លូវដឹកជញ្ជូនតាមកប៉ាល់នានាមួយនេះ។
យោងតាមប្រភពដដែលឱ្យដឹងទៀតថា ក្រុមហ៊ុនស្រីលង្ការ John Keells Holdings កាន់កាប់ភាគហ៊ុន៣៤%នៃចំណត WCT នេះ ហើយសល់ប៉ុន្មាន កាន់កាប់ដោយអាជ្ញាធរកំពង់ផែស្រីលង្ការ (SLPA)៕ Reuters៕