ផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្តល់ក្តីសង្ឃឹមដល់កំណើនតម្លៃដីធ្លីនិងអចលនទ្រព្យក្នុងមូលដ្ឋាន

0

ដោយៈ សុផារី

សៀមរាបៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប ចំនួន២ខ្សែ ដែលត្រូវបានសិក្សាបញ្ចប់ និងគ្រោងបើកការដ្ឋានសាងសង់នាពេលថ្មីៗនេះ ត្រូវបានមើលឃើញថា នឹងជួយជំរុញសក្តានុពលអចលនទ្រព្យ និងជួយសម្រួលដល់ការដឹកជញ្ជូន ក្នុងក្រុងសៀមរាប។

ផ្លូវក្រវាត់ក្រុងខាងជើងមានប្រវែង៥៥គីឡូមែត្រ ជាគម្រោងសាងសង់ក្រោមកម្ចី៤៥,៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ភ្ជាប់តំបន់ពួក ទៅកាន់តំបន់ពាក់ស្នែង ដល់តំបន់រុនតាឯក។ ចំណែកផ្លូវក្រវាត់ក្រុងខាងត្បូង គ្រោងសាងសង់នៅក្រោមឥណទានសម្បទាន៩៤,១លានដុល្លាររបស់កូរ៉េខាងត្បូង តភ្ជាប់ពីផ្លូវជាតិលេខ៦៤ មកកាន់តំបន់ពួក នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់Property Area Asia កាលពីពេលថ្មីៗនេះថា ផ្លូវក្រវាត់ក្រុងនេះជាទស្សនៈវិស័យ សម្រាប់បម្រើឱ្យការសម្រួលចរាចរណ៍ ការដឹកជញ្ជូន និងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពល្អប្រសើរ ព្រមទាំងជាយន្តការនៅក្នុងការអភិ​វ ឌ្ឍនៅក្នុងតំបន់ផ្ទាល់តែម្តង។

លោកមានប្រសាសន៍បន្តថា “តាមរយៈគម្រោងក្រវាត់ក្រុងទាំងពីរនេះនឹងនាំមកនូវការរីកចម្រើន នៃជីវភាពរបស់ប្រជាជន និងសហគមន៍ផ្ទាល់ ជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យ នឹងជំរុញឱ្យមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត តាមរយៈការប្រើប្រាស់ដីធ្លី ដែលនឹងជំរុញឱ្យមានកំណើនតម្លៃដីធ្លីខ្ពស់”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោងផ្លូវក្រវាត់ក្រុងសៀមរាបទាំងផ្នែកខាងជើង និងខាងត្បូងនេះជាការគិតគូរ ដើម្បីបញ្ចៀ​សចរាចរណ៍របស់រថយន្តធំៗ ធ្វើដំណើរច្រើនពេកនៅក្នុងផ្លូវជាតិលេខ៦ ជាពិសេសត្រង់ចំណុចមុខព្រះរាជដំណាក់ សណ្ឋាគារសុខា និងតំបន់ធ្វើដំណើ​រទៅកាន់ស្រុកក្រឡាញ់។

ក្រៅពីគម្រោងខាងលើ ភាគីពាក់ព័ន្ធកំពុងកសាងសិក្សា និងជំរុញ​គម្រោង​ទីក្រុងឆ្លាតវៃ​នៅក្នុងក្រុង​សៀមរាប ​ខេត្ត​សៀមរាប ឱ្យបាន​នូវ​ក្នុងរយៈពេល​៣ឆ្នាំខាងមុខ​​ ពោលគឺចាប់ពី​ឆ្នាំ២០២២​នេះ ដល់​ចុងត្រីមាស​ទី១ ​ឆ្នាំ២០២៥ ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ គម្រោង​សាងសង់​ព្រលានយន្តហោះអន្តរជាតិថ្មី ការ​រៀ​បចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាប​ក្រោមដី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ ​​កា​ររៀ​ប​​​​​​​​​ចំ​ប្រព័ន្ធ​ភ្លើងស​ញ្ញា​ច​រាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here