ដោយៈ យិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ស្នាមញញឹម ការសម្រេចបាននូវក្តីសុបិនរបស់ប្រទេសមួយចំនួន ចេញពីកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងជាអ្នកដឹកនាំកិច្ចប្រជុំបានបន្យល់ នូវរឿងរ៉ាវវិជ្ជមានជាច្រើនសម្រាប់កម្ពុជាផង និងពិភពលោកផង។
ពាក្យ “ទូកទៅ កំពង់នៅ” ក្នុងពាក្យពុំនោលខ្មែរ បានលើកឡើងនូវ អត្ថន័យចំនួនពីរយ៉ាង ទី១ ការបញ្ចប់ទៅ ជាមួយនឹងការចងចាំដ៏ល្អ និងទី២ ការបញ្ចប់ទៅជាមួយនឹងការវចងចាំមិនសូវល្អ ប៉ុន្តែកម្ពុជាបានសម្រេចក្នុងអត្ថន័យទី១ ដែលសម្តេចតេជោបានន្យល់នូវការរីករាយ និងស្នាមញញឹមសម្រាប់មេដឹកនាំនានា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
មេដឹកនាំពិភពលោកទទួលកាដូជាទីគាប់ចិត្តពីសម្តេចតេជោ
ក្រៅពីដឹកនាំ សម្របសម្រួលការងារ និងកិច្ចប្រជុំប្រកបដោយរលូន និងផ្កាផ្កាគួរជាទីមោទនៈ សម្តេចតេជោបានធ្វើរឿងរ៉ាវជាច្រើន សម្រាប់មេដឹកនាំពិភពលោក ដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកាកន្លងមកនេះ។
ជាមួយស្នាមញញឹមមិនចេះរីកស្ងួត និងគាវរកិច្ចប្រកបដោយភាពកក់ក្តៅ ក្នុងយុទ្ឋសាស្រ្តកាទូតមួយដែលមានភាពឈ្លាសវៃ និងទំនុកចិត្ត ស ម្តេចតេជោបានកសាងនូវមូលដ្ឋាន និងកេរ្ត៍ឈ្មោះកម្ពុជា លេចត្រដែតលើឆាកអន្តរជាតិ និងពិភពលោក។
ជាមួយនឹងស្នាមញញឹម សម្តេចតេជោបានប្រគល់កាដូ ជាលើកដំបូងដល់មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសមួយចំនួនទៀត នូវនាឡិកាដៃម៉ាក “អាស៊ាន” ដែលបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជា។
កម្ពុជាទទួលអំណោយពីចិនជាទីគាប់ចិត្ត
ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានផង លោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិតបីជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះហត្ថលេខាលើហិរញ្ញប្បទានសម្បទាន និងកិច្ចសហប្រតិបត្តិការចំនួន១៨ ពិសេសបានផ្តល់កាដូនូវទំហំទឹកប្រាក់ត្រឹម២៧លានដុល្លារដល់កម្ពុជាផងដែរ។
លើ់សពីនេះ មេដឹកនាំចិន និងកម្ពុជាបានប្រកាសរួមគ្នា ក្នុងការពន្លឿនការកសាង “សហគមន៍ពីរវាសនាតែមួយ” ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាពរវាងប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ លោកលី ខឺឈាងក៏បានប្រកាសពីការបង្ខិតទំនាក់ទំនងរវាងចិន និងមេដឹកនាំអាស៊ានឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម កាទូត និងភូមិសាស្រ្តនយោបាយរួមគ្នាផងដែរ។
មេដឹកនាំទាំងពីរ ក៏បានប្រកាសបើកសម្ភោធ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជានិម្មិតរូបផងដែរ ខណៈសមិទ្ឋិផលដ៏ធំនេះបានកើតឡើងក្រោមការដឹកនាំ និងការកសាងបាននូវមិត្តភាព “ដែកថែប”រវាងមេដឹកនាំកម្ពុជាចិន ដែលបានកសាងជាច្រើនជំនាន់មកហើយ។
លោកចូ បៃដិនផ្តល់ស្នាមញញឹមដ៏កក់ក្តៅ
ទោះបីជាប្រធានាធិបតីអាមេរិក បានច្រឡំហៅឈ្មោះកម្ពុជាថាជាប្រទេស “កូឡំប៊ី”ក្តី ប៉ុន្តែលោកបានធ្វើរឿងរ៉ាវសំខាន់ៗជាច្រើន ពេលលោកមកដល់ទឹកដីកម្ពុជា ដូចជា ទី១ លោកមិនបានឡើងយន្តហោះភ្លាម ប៉ុន្តែបានឈរសំណេះសំណាល ជាមួយពលរដ្ឋអាមេរិករស់នៅនិងធ្វើការកម្ពុជា ទី២ លោកបានបង្ហាញស្នាមញញឹម ពោរពេញដោយភាពកក់ក្តៅ ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។
ទី៣ លោកបានថតSELFIE ជាមួយក្រុមមន្រ្តីកម្ពុជា ជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ ពិសេសនៅកម្ពុជាលោកបានប្រកាស ដាក់ចេញនូវយុទ្ឋសាស្រ្ត និងចាត់ទុកតំបន់អាស៊ានជាស្នូលនៃយុទ្ឋសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។
អាមេរិក និងឥណ្ឌកសាងវិបុលភាពជាមួយអាស៊ានកាន់តែស្អិតរមួត
ដោយមើលឃើញតួនាទីអាស៊ាន កាន់តែមានសារៈសំខាន់ឡើងក្នុងទិដ្ឋភាពនយោបាយ កាទូត និងទំនាក់ទំនង ពិសេសជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច មេដឹកនាំអាមេរិកលោកចូ បៃដិន និងអនុប្រធានាធិបតីឥណ្ឌា បានប្រកាសភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ សម្រាប់អាស៊ាន និងប្រទេសរបស់ខ្លួន។
ការសម្រេចបាននូវវឌ្ឍនភាពនេះ មិនអាចខ្វះបានពីការសម្របសម្រួលនិងការដាក់ចេញយុទ្ឋសាស្រ្ត ដែលពោរពេញដោយភាពឈ្លាសវៃ និងបទពិសោធន៍ ក្នុងនាមអ្នកកាទូតតាំងពីអាយុ២៧ឆ្នាំឡើយ ព្រោះថា បើគ្មានការសម្របសម្រួល គ្មានចក្ខុវិស័យ ផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងចំណងមេត្រីភាព ប្រកបដោយភាពកក់ក្តៅរបស់សម្តេចតេជោទេ ការងារទាំងនេះ មិនអាចសម្រេចបានឡើយ។
កម្ពុជា ជប៉ុនសម្រេចវឌ្ឈនភាពមួយជំហ៊ានទៀត ដើម្បីឆ្ពោះទៅរកវិបុលភាព
នៅទីបំផុតសំណើររបស់សម្តេចតេជោ ក្នុងការដំឡើងទំនាក់ទំនងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយត្រូវបានយល់ព្រម ដោយលោកនាយករដ្ឋមន្រ្តីជប៉ុន លោកKISHSIDA ប៉ុន្តែការសម្រេចចិត្តឈាន ទៅប្រកាសជាផ្លូវការត្រូវរង់ចាំ រហូតដល់ឆ្នាំក្រោយ។
ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងលើវិស័យកាទូត ពាណិជ្ជកម្ម ទេសចរណ៍ និងលំហូរទុនវិនិយោគ បានបន្តកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីមានជើងហោះហើរត្រង់ពីជប៉ុន ត្រូវបានតភ្ជាប់មុនពេលត្រូវបានផ្អាកដោយសារវិបត្តិកូវីដ១៩។
អ្វីកាន់តែពិសេស តាមរយៈដំណើរមកចូលរួមកិច្ចប្រជុំនេះ លោកKishidaនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសផ្តល់ជំនួយចំនួន៥០លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាលើផ្នែកសំខាន់ៗចំនួន៤ផងដែរ ប៉ុន្តែអ្វីកាន់តែពិសេសយើងសង្ឃឹមថា អាកាសចរណ៍ANA Airlineរបស់ជប៉ុន នឹងចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដើម្បីសម្រួលលំហូរពាណិជ្ជកម្ម ការវិនិយោគ និងភ្ញៀវទេសចរណ៍។
កម្ពុជា កូរ៉េលើកកំពស់ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ
ប្រធានាធិតបីកូរ៉េ លោកYoonបានកោតសរសើរ និងសប្បាយរីករាយសម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើងរវាងកូរ៉េ និងកម្ពុជា ដោយលោករំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែប្រសើរឡើង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរនឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។
អ្វីកាន់តែពិសេសលោក ប្រធានាធិបតីកូរ៉េបានបង្ហើបពីការគាំទ្ររបស់ រដ្ឋាភិបាលកូរ៉េ ក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខនៅរាជធានីភ្នំពេញ ដោយលោកចាត់ទុកគំរោងនេះថា “ជាសមិទ្ឋផលបង្ហាញពីទំនាក់ទំនងកម្ពុជា កូរ៉េកាន់តែរ៉ឹងមាំ និងធំធេង”។
អ្វីកាន់តែពិសេសមេដឹកនាំកម្ពុជា កូរ៉េបានសម្រេចរួមគ្នាពីការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលផ្តល់ឲ្យប្រទេស និងប្រជាជនទាំងពីរនូវការរីកចម្រើន និងផលប្រយោជន៍រួមកាន់តែច្រើន។
ប្រទេសទីម័រឡេស្តទទួលបានកាដូជាទីគាប់ចិត្ត
ប្រធានាធិបតីទីំ័រឡេស្ត បានទទួលកាដូជាទីគាប់ចិត្តពីមេដឹកនាំអាស៊ាន ពិសេសសម្តេចតេជោ ដែលបានជួយសម្របសម្រួល និងបញ្ចុះបញ្វូលមេដឹកនាំអាស៊ាន ឲ្យចេញសេចក្តីសម្រេចឲ្យប្រទេសរបស់ខ្លួន ចូលជាសមាជិកទី១១របស់អាស៊ាន ដែលប្រទេសនេះបានរង់ចាំអស់រយៈពេល១១ឆ្នាំកន្លងមកហើយ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសនេះ ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួនទៀត ដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ឋ។
មេដឹកនាំធំៗលើពិភពលោកកោតសរសើរសម្តេចតេជោ
មេដឹកនាំពិភពលោករាប់ចាប់ពីប្រធានាធិបតីអាមេរិក លោកចូ បៃដិន នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិហ្គូតារ៉េសជាដើម បានកោតសរសើរសម្តេចតេជោ ក្នុងការដើរតួនាទីសម្របសម្រួលបញ្ហាប្រទេសមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហាវិបត្តិកូរ៉េខាងជើងជាដើម។
ក្នុងនាមអ្នកកាទូតឆ្នើម ពោរពេញដោយបទពិសោធន៍ និងភាពឈ្លាសវៃ ព្រមទាំងសេចក្តីក្លាហាន សម្តេចតេជោត្រូវបានមេដឹកនាំ និងអ្នកកាទូតជើងចាស់នានាសរសើរពីភាពដឹកនាំ និងការសម្របសម្រួលរបស់សម្តេចក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ។
ក្នុងភាពប្រធានអាស៊ានមួយឆ្នាំ សម្តេចទទួលបានអនុស្សាវរីយ៍ជាច្រើន
បន្ទាប់ពីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យចប់សព្វគ្រប់នោះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ភាពជាប្រធានអាស៊ាន ក្នុងរយៈពេលមួយឆ្នាំ២០២២នេះ សម្ដេចទទួលបាននូវអនុស្សាវរីយ៍ជាច្រើន ព្រមទាំងជាប្រវត្តិសាស្ដ្ររបស់សម្ដេចផ្ទាល់ និងកម្ពុជាទាំងមូល។
សម្ដេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា “រយៈពេល១ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ានពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប្រ៊ុយណេដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ នេះគឺជារយៈពេល១ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសា ស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជាដែលមានកិត្តិយស ដ៏ឧត្តុង្គឧត្តមបានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន”។
សម្ដេចតេជោបន្តថា ខណៈដែលយើងបាន និងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។
ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តន៍ តាមមូលបទនភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)”។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសប្បាយសេចក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្ដល់ឲ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំ មកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ។
សម្តេចបានសម្តែងសុទិដ្ឋិនិយមថា “សេចក្តីរីករាយ ដែលសម្ដេចបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ គឺមិនអាចវាស់វែងបាននោះទេ”។សម្តេចបន្តថា “រយៈពេល២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ”។
សម្តេចតេជោអញ្ជើញមេដឹកនាំអាស៊ានចូលរួមបើកព្រឹត្តិការណ៍កីឡាស៊ី ហ្គេមឆ្នាំ២០២៣
ជាមួយនឹងការត្រៀមបិទបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដ៏ជោគជ័យនិងជាមោទនភាពសម្រាប់កម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញមេដឹកនាំអាស៊ាន មកចូលរួមពិធធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនាឆ្នាំ២០២៣ខាងមុខនេះ។
ព្រឹត្តិការណ៍បើកនិងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងការប្រារពកីឡាស៊ីហ្គេមឆ្នាំ២០២៣ បាននិងកំពុងត្រៀមធ្វើឲ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ តម្លៃនៃមោទនភាពជាតិ តម្លៃនៃការសមាហរណកម្មខ្លួនឯងចូលក្នុងឆាកអន្តរជាតិ និងពិភពលោកបានធ្វើឲ្យមុខមាត់កម្ពុជាលេចត្រដែតលើឆាកតំបន់ និងពិភពលោក “អរគុណតម្លៃនៃសុខសន្តិភាព”៕