ដោយៈ សុខុម
ភ្នំពេញ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្ដេជ្ញានៅចំពោះមុខបណ្ដាមេដឹកនាំអាស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក នឹងធ្វើការប្រកួតប្រជែងជាមួយមហាយក្សចិន ដោយសុច្ចរិតភាព ហើយនឹងនៅតែព្យាយាមទប់ស្កាត់ជម្លោះមិនឱ្យកើតឡើង។
លោក ចូ បៃឌិន ថ្លែងថា សហរដ្ឋអាមេរិកនឹង “ប្រកួតប្រជែងយ៉ាងខ្លាំងក្លា” ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈ”ធានាទប់ស្កាត់មិនឱ្យការប្រកួតប្រជែងនោះធ្លាក់ចូលក្នុងជម្លោះ” ដោយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។
មេដឹកនាំរបស់សហរដ្ឋអាមេរិក រូបនេះក៏បានអំពាវនាវឱ្យក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា គោរពតាមផែនការសន្តិភាព ដែលពួកគេបានព្រមព្រៀងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ចូ បៃឌិន ក៏បានថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលយ៉ាងគឃ្លើន និងថ្កោលទោសប្រទេសរុ ស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន “យ៉ាងឃោរឃៅ និងអយុត្តិធម៌” ផងដែរ។
តំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ផងដែរ ដោយក្នុងនោះលោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន គឺប្រធានាធិបតី ស៊ី ជីនភីង ជាលើកដំបូងចាប់តាំងពីចូលកាន់អំណាច។
ទំនាក់ទំនងរវាងមហាអំណាចទាំង២ ពោលគឺសហរដ្ឋអាមេរិក និងមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕ Bangkok Post៕