កំណើនការនាំចូលសម្ភារៈសំណង់ឆ្លុះបញ្ចាំងពីការរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សំណង់ក្នុងស្រុក

0

ដោយៈ សុផារី

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ជាង៣០១លានដុល្លារលើការនាំចូលដែក និងដែកថែប ពីក្រៅប្រទេសមកបំពេញតម្រូវការក្នុងស្រុក ដោយកើនឡើងជាង២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

អ្នកជំនាញមើលឃើញថា កំណើននៃការនាំចូលសម្ភារៈពីដែក និងដែកថែបនេះ បង្ហាញពីតម្រូវការក្នុងស្រុក លើការអភិវឌ្ឍគម្រោងសំណង់នានា និងជាការត្រៀមខ្លួន សម្រាប់ការផ្គត់ផ្គង់នៅក្នុងឆ្នាំ២០២៣ខាងមុខ។

យោងតាមតារាងស្ថិតិទំនិញពាណិជ្ជកម្ម នាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប៣០១,៨៦៨លានដុល្លារ កើន២២,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានចំនួន២៤៥,០៨៨លានដុល្លារ។

ទឹកប្រាក់ការនាំចូលដែក និងដែកថែប ស្មើនឹងប្រមាណ១,២ភាគរយនៃការចំណាយសរុបរបស់កម្ពុជា ទៅលើការនាំចូលទំនិញក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ ដែលមានតម្លៃសរុបជាង២៥.៨១៧លានដុល្លារអាមេរិក។

ដោយឡែក សម្រាប់ពេញមួយខែតុលា ឆ្នាំ២០២២នេះ ការនាំចូលដែក និងដែកថែបមានតម្លៃ៣០,០៩លានដុល្លារអាមេរិក កើនឡើង៦០,៨ភាគរយ ពី១៨,៧១១លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា កំណើននៃការនៃចូលផលិត​ផលដែក និងដែកថែបមកកាន់ប្រទេសកម្ពុជានេះ បង្ហាញពីសញ្ញាវិជ្ជមាននៃគម្រោងសំណង់ ដែលកំពុងតែទទួលបានការអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តសក្តានុពលនានា ទោះ​បីជា​គម្រោងវិនិយោគបរទេសធំៗមិនសូវមានច្រើនក៏ដោយ។

លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា តម្រូវការនៃការប្រើប្រាស់សម្ភារៈសំណង់ ជាតម្រូវការចាំបាច់ ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។ លោកបន្តថា ទោះបីជាវិនិយោគិនបរទេស មានការថមថយចុះបន្តិចក្តី ប៉ុន្តែតម្រូវការក្នុងស្រុកនៅតែមានជាហូរហែរ ជាពិសេសគម្រោងអភិវឌ្ឍន៍សំណង់ របស់អ្នកវិនិយោគក្នុងស្រុក និងគម្រោងទូទៅក្នុងប្រទេស កំពុងតែបន្តដំណើរការល្អប្រសើរ។

លោកបន្តទៀតថា កំណើននេះ ក៏អាចបណ្តាលមកពីការបញ្ជាទិញពីសំណាក់អាជីវករ ដែលកំពុងតែប្រមូលទិញទុក សម្រាប់ផ្គត់ផ្គង់មុនពេលដាច់ឆ្នាំ២០២២ ដោយសារតែការបារម្ភពីការកើនឡើង នៃតម្លៃសម្ភារៈសំណ​ង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។

លោកឧកញ៉ាបានបញ្ជាក់ថា សម្ភារៈសំណង់ ដែលត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននាំចូលមកពីប្រទេសចិន ព្រោះទីផ្សារប្រ​ទេ​សចិនមានតម្លៃសមរម្យ ហើយគេក៏ត្រូវទទួលស្គាល់ថា បច្ចុប្បន្ននេះ ប្រ​ទេសចិន បានក្លាយទៅជាអ្នកផ្គត់ផ្គង់ធំបំផុតមួយនៅទូទាំងពិភពលោក។

ជាមួយគ្នានេះ លោក សេង សារិន ម្ចាស់អាជីវកម្មលក់សម្ភារៈសំណង់ធំមួយនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃដដែលថា ទោះបីជាមានវិបត្តិកូវីដ១៩ក្តី អាជីវកម្មរបស់លោក ទទួលបានការគាំទ្រជាហូរហែរ ព្រោះប្រជាជន និងក្រុមហ៊ុនសំណង់នៅតែមានតម្រូវការជាប្រចាំ។

លោកបានបញ្ជាក់ថា “ដោយប្រឈមនឹងកំណើនអត្រាអតិផរណា នៅក្នុងរយៈពេលប៉ុន្មានខែមុន សម្ភារៈសំណង់ជាទូទៅ ត្រូវបានតំឡើងតម្លៃបន្តិចបន្តួច ប៉ុន្តែនាពេលនេះតម្លៃហាក់នៅទ្រឹងវិញហើយ”។លោកបន្ថែមថា “ ទោះយ៉ាងណាក្តី ម្ចាស់អាជីវកម្មរូបនេះលើកឡើងថា តម្រូវការនៃការប្រើប្រាស់ដែក និងដែកថែបនៅតែមានខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here