នយោបាយអាមេរិកនិងចិនទំនងជាចុះកំដៅ បន្ទាប់មេដឹកនាំកំពូលប្រទេសទាំងពីរជួបគ្នានៅឥណ្ឌូនេស៊ី

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីជំនួបកំពូលរវាងលោកចូ បៃដិនប្រធានាធិបតីអាមេរិក ជួបជាមួយលោកស៊ី ជីនពីងប្រធានាធិបតីចិន នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី កំដៅនយោបាយរវាងប្រទេសទាំងពីរ ទំនងជាមានភាពកក់ក្តៅជាងមុន។

នៅខាងក្រៅកិច្ចប្រជុំកំពូលG20 លើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីអាមេរិកថា ប្រទេសចិនមិនមានចេតនា ក្នុងការប្រកួតប្រជែងណាមួយ ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ជាមួយសហរដ្ឋអាមេរិកនោះទេ ។

លោកស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយ លោ​កប្រធានា​ធិបតីអាមេរិក ចូ បៃដិន ថា “ប្រទេសចិនមិនស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មិនមានចេតនាជំទាស់ ឬផ្លាស់ប្តូរសហរដ្ឋអាមេរិកផងដែរ” ។

លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក។

លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ។

លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលសហរដ្ឋអាមេរិកទទួលយកមូលធននិយម ប្រទេសចិនបានប្រកាន់យកសង្គមនិយម ហើយថា ភាគីទាំងពីរគួរតែគោរពភាពខុសគ្នានេះ និងមិនព្យាយាមកែប្រែគ្នាទៅវិញទៅមក ឬផ្លាស់ប្តូរប្រព័ន្ធរបស់ភាគីម្ខាងទៀតឡើយ ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីងផងដែរថា ទីក្រុងប៉េកាំងមានកាតព្វកិច្ច ព្យាយាមនិយាយជាមួយកូរ៉េខាងជើង កុំឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាមិនច្បាស់ថា តើចិនអាចរារាំងទីក្រុងព្យុងយ៉ាង បានឬក៏អត់ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបទល់មុខជាលើកដំបូងចាយពេលជាង៣ម៉ោង ជាមួយលោកស៊ី ជិនពីង នៅមុនកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី​ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក បៃដិន ក៏បានឱ្យដឹងដែរថា លោកផ្ទាល់បានព្រមានលោក ស៊ី ជីនពីងថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងករណីទីក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា “ខ្ញុំគិតថាពួកគេ (ចិន) មានកាតព្វកិច្ចព្យាយាម បញ្ជាក់ឱ្យច្បាស់ទៅកាន់កូរ៉េខាងជើង ថាមិនត្រូវធ្វើតេស្ដ អាវុធនុយក្លេអ៊ែរនោះទេ បើទោះជាវាពិបាកក្នុងការកំណត់ថាតើចិនមានសមត្ថភាពធ្វើបែបនេះ ដែរឬក៏យ៉ាងណាក៏ដោយ

កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលជាបន្តបន្ទាប់ ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលធ្វើឱ្យក្រុមអ្នកជំនាញខ្លះព្រមានថានេះជា សញ្ញាមួយបង្ហាញពីការត្រៀមលក្ខណៈ ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក។

នៅក្នុងអំឡុងពេលកិច្ចប្រជុំទល់មុខគ្នានេះ ប្រធានាធិបតីអាមេរិកលោ​ក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា បានប្រាប់សមភាគីចិន លោក ស៊ីន ជិនពីង ថា ពួកគេទាំងពីរមានទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការប្រជែងដែលអាចប្រែក្លាយទៅជាជម្លោះ នៅក្នុងកិច្ចពិភាក្សាដ៏កកម្ររមួយ ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរល្អប្រសើបន្តិចឡើងវិញ ក្រោយបានជួបប្រទះទំនាក់ទំនង ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលចុងក្រោយនេះ។

មុនពេលកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតី មេដឹកនាំទាំងពីរបានញញឹម និងចាប់ដៃគ្នាយ៉ាងកក់ក្តៅ នៅចំពោះមុខទង់ជាតិរបស់ពួកគេ នៅឯសណ្ឋាគារប្រណីតមួយនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលក្រុម G20 ដែលនឹងប្រព្រឹត្តទៅ ពោរពេញដោយភាពតានតឹងជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក និងសមភាគីចិនបានព្រមព្រៀងគ្នាថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានប្រើប្រាស់ទេ រួមទាំងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សេតវិមានបានបន្តថា “ប្រធានាធិបតី បៃដិន និងប្រធានាធិបតី ស៊ី បានបញ្ជាក់ឡើងវិញ នូវកិច្ចព្រមព្រៀងរបស់ពួកគេថា សង្រ្គាមនុយក្លេអ៊ែរមិនគួរត្រូវឲ្យកើតឡើងបានទេ ហើយបានអះអាងឡើងវិញ នូវការប្រឆាំងរបស់ពួកគេ ចំពោះការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here