ដោយ: លាងហួរ
តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៣០ពាន់លានយ៉េន (ស្មើនឹង៩២៧,៤លានដុល្លារអាមេរិក) ដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់គម្រោងប្រព័ន្ធដឹកជញ្ជូនដ៏ធំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ។
លោក Kishida បានឯកភាពជាមួយនឹងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅពេលខាងមុខ។
ការប្រកាសរបស់លោក Kishida បានកើតឡើង ស្របពេលប្រទេសជប៉ុនបាន និងកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ចិន ក្នុងការពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមមេដឹកនាំរបស់ប្រទេសជប៉ុន និងឥណ្ឌូនេស៊ីក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យត្រូវបានផ្សព្វផ្សាយ ដោយទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Kishida បានរិះគន់ប្រទេសចិនចំពោះការបង្កើនសកម្មភាព ដែលរំលោភលើអធិបតេយ្យភាពរបស់ជប៉ុន នៅសមុទ្រចិនខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ លោកក៏កំពុងធ្វើទស្សនកិច្ចនៅកោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុម G20 រយៈពេលពីរថ្ងៃ ដែលប្រទេសឥណ្ឌូនេស៊ី គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ៕