អ្នកជំនាញបង្ហាញទីតាំងតម្លៃដីធ្លីខ្ពស់បំផុតក្នុងទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន

0

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រុងព្រះសីហនុបានទទួលការអភិវឌ្ឍប្លែកមុខប្លែកមាត់ខ្លាំង ប្រមូលផ្តុំដោយគម្រោងវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនានាក្នុងក្រុង។ ទំនោរនេះនាំឱ្យតម្លៃអចលនទ្រព្យ និងទីផ្សារដីធ្លីនៅក្នុងតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុក៏មានតម្លៃខ្ពស់ខ្លាំងផងដែរ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ចែករំលែកកាលពីពេលថ្មីៗនេះថា តំបន់មួយចំនួនដែលមានតម្លៃដីធ្លីខ្ពស់នៅក្នុងក្រុងព្រះសីហនុ រួមមាន តំបន់ផ្លូវឯករាជ្យ ចាប់ពីវិមានឯករាជ្យរហូតដល់តំបន់តោពីរ និងតំបន់មួយទៀតគឺ ផ្លូវរង្វង់មូលតោ ស្របនឹងឆ្នេរអូរឈើទាល។

 

លោកបានឱ្យដឹងទៀតថា “តំបន់អូតែលសុខា ក៏ជាតំបន់មានតម្លៃដីធ្លីខ្ពស់មួយផងដែរ ដោយសារវាជាតំបន់ Hard Business Hub ដែលប្រមូលផ្តុំគម្រោងពាណិជ្ជកម្ម និងធុរកិច្ច រួមមាន អូតែលសុខា គម្រោងក្រុមហ៊ុនព្រីន និងគម្រោងខ្នាតធំជាច្រើនកើតមានឡើងច្រូងច្រាង ជាដើម ដោយតំបន់នេះកន្លងមកត្រូវបានប្រៀបប្រដូចជាមួយក្រុងភ្នំពេញ ប្រទេសសិង្ហបុរី ឬទីក្រុងស៊ិនជិននៃប្រទេសចិន ជាដើម។ យោងតាមលោកចណ្ណា តំបន់នេះមានតម្លៃដីប្រមាណ៣០០០ទៅ៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទំហំដីធំ ឬតូច។

 

លោកបន្តថា “តំបន់នេះមានតម្លៃដីប្រមាណ៣០០០ទៅ៣៥០០ដុល្លារអាមេរិក អាស្រ័យតាមទំហំដីធំ ឬតូច។ ក្រុងព្រះសីហនុ ពិសេសត្រង់តម្លៃដីទាល់តែយើងមើលលើទីតាំងដីនិមួយៗ ដីខ្លះតូច ដីខ្លះធំ ៣ហិកតា ៥ហិកតា ដីខុសគ្នា តម្លៃក៏ខុសគ្នាច្រើនដែរ”។

ក្រៅពីតំបន់ខាងលើនេះ តម្លៃដីធ្លីនៅក្នុងតំបន់ជាយក្រុងក៏មានតម្លៃខ្ពស់ផងដែរ ចន្លោះពីជាង១០០០ ទៅជាង២០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា តំបន់អូរត្រេះក៏ជាតំបន់ទាក់ទាញមួយផងដែរ ប្រមូលផ្តុំទៅដោយអាគារច្រូងច្រាង China Town បូកផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជំរុញតម្លៃដីធ្លីឱ្យកើនឡើង មិនធ្លាក់ចុះនោះទេ។

 

លោកលើកឡើងទៀតថា បន្ថែមលើសនេះ តំបន់ដើមឈើចាំស្នេហ៍ ភ្ជាប់ទៅកាន់ឆ្នេររាម តំបន់រូបសំណាកព្រះថោងនាងនាគ តំបន់រូបសំណាកខ្មែរធ្វើបាន ជាតំបន់ដីថ្មីនិងមានទំហំធំៗល្អ ហើយទាក់ទាញបានអ្នកទស្សនាកុះករ និងមានការសាកសួរពីសំណាក់ធនាគារច្រើន។ យ៉ាងណាក្តី បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត តម្លៃដីធ្លីនៅក្នុងតំបន់នេះនៅមានតម្លៃធូរថ្លៃច្រើន ប្រមាណ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារមិនសូវមានការនិយមទិញដីធ្លីទំហំធំៗ។

 

ជាមួយគ្នានេះ លោក ឆន សិលា អ្នកជំនាញអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុបានឱ្យដឹងកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុ មានតម្លៃខ្ពស់ខ្លាំង ជាពិសេសតំបន់នៅក្នុងក្រុងតែម្តង ដោយសារតែដីធ្លីទាំងនោះភាគច្រើនត្រូវបានប្រមូលទិញដោយក្រុមហ៊ុន ឬឈ្មួញធំៗ ប៉ុន្តែគេក៏នៅអាចស្វែងរកដីធ្លីតម្លៃធូរថ្លៃបាន នៅក្នុងតំបន់ជាយៗក្រុង ឬក្នុងតំបន់អភិវឌ្ឍន៍ថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here