ដោយៈ គង់ សូរិយា
កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្តកោះកុង។
ក្នុងពិធីបើកកម្មវិធីនេះ លោកជំទាវអភិបាលខេត្ត បានសំដែងនូវការកោតសរសើរ ចំពោះការចូលរួមគាំទ្រពីមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ដែលបានកំពុងផ្តល់ការគាំទ្រ ដល់កម្មវិធីអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចុតកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីកំណើនសមធម៌ និងប្រសិទ្ធិភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោកជំទាវបានផ្តល់ការណែនាំ លើដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅក្រុង ស្រុក ដូចជា ទី១ ក្រុមការងារកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក បន្តសកម្មភាពរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)របស់ខេត្ត ក្រុង ស្រុក តាមសេចក្តីណែនាំបច្ចេកទេសស្តីពី ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបន្តទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សា ថ្នាក់រដ្ឋបាលនីមួយៗអនុម័ត ឱ្យបានទាន់ពេលវេលាស្របតាមច្បាប់កំណត់។
ទី២-មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគក្រុង ស្រុក ថ្នាក់ក្រុង ស្រុក តាមកម្មវិធីដែលបានជម្រាបជូន ការចូលរួមតាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ហើយមន្ទីរអង្គភាពជំនាញ ត្រូវផ្តល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ សង្កាត់ ដែលឃុំ សង្កាត់ ក្រុង ស្រុក បានលើកឡើងនៅក្នុងតារាងម៉ាទ្រិចសកម្មភាពជាអាទិភាពរបស់ក្រុង ស្រុក ដោយបន្ស៊ីជាមួយសកម្មភាព នៃថវិកាកម្មវិធី របស់មន្ទីរ អង្គភាពជំនាញ។
លោកជំទាវមិថុនា ភូថងបានបញ្ជាក់ថា “ការចូលរួមរបស់លោក លោកស្រី ជាស្ថាប័នជំនាញ ពិតជាមានសារៈសំខាន់ ក្នុងការបកស្រាយពន្យល់បំភ្លឺដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការកសាងផែនការ និងថិវកាឃុំ សង្កាត់ ដែលកំពុងតែរង់ចាំការគាំទ្រទាំងគម្រោងសកម្មភាព និងអនុសាសន៍ពីស្ថាប័នជំនាញ ដែលជាភ្នាក់ងារផ្តល់សេវាសាធារណៈរបស់រដ្ឋ ក្នុងការ ផ្តល់សេវា ជូនប្រជាពលរដ្ឋ”។
ទី៣-មន្ទីរជំនាញ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានផ្សេងៗទៀតដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួង ឫធនធានពីអង្គការជាតិ អន្តរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់គម្រោងវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ នៅក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងតែទាមទារឱ្យស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិ ជួយគាំទ្រ និងបង្ហាញពីសង្គតិភាព រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។
ទី៤-សំណូមពរ ដល់អង្គការជាតិ អន្តរជាតិសមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ខេត្ត សូមពិនិត្យ លើសកម្មភាពជាអទិភាពរបស់ប្រជាជន នៅមូលដ្ឋាន ដែលមាននៅក្នុងតារាងម៉ាទ្រិច សកម្មភាពជាអាទិភាព ដើម្បីបង្កើតការគាំទ្រគ្រោងវិនិយោគរបស់ឃុំ សង្កាត់ នៅតាមទីតាំង គោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅពេលសិក្ខាសាលា សមាហរណកម្មថ្នាក់ក្រុង ស្រុក ចាប់ផ្តើមដំណើរការ ពីថ្ងៃទី០៥ ខែធ្នូ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ តទៅ ។
ទី៥ -អភិបាលក្រុង ស្រុក ត្រូវរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ឱ្យដំណើរការសម្រេចបានលទ្ធផលល្អ តាមការគ្រោងទុក។ សម្របសម្រួលកៀរគរ ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីវប្បធម៌ ការចូលរួមគាំទ្រគម្រោងសកម្មភាព និងការធ្វើសេចក្តីសម្រចចិត្តសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន៕