រុស្ស៊ីអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនរក្សាទុកភាគហ៊ុនក្នុងគម្រោងប្រេង និងឧស្ម័នខ្នាតយក្ស ខណៈក្រុមហ៊ុនអាមេរិកដកខ្លួនចេញ

0

ដោយៈ សុខុម

តូក្យូ: រដ្ឋាភិបាលរុស្ស៊ី បានសម្រេចអនុញ្ញាតឱ្យប្រទេសជប៉ុន រក្សាទុកភាគហ៊ុនរបស់ខ្លួន ក្នុងគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័នហ្គាសខ្នាតយក្ស Sakhalin-1 នៅតំបន់ចុងបូព៌ា (Far East) របស់រុស្ស៊ី។ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា។

លោក Hirokazu Matsuno រដ្ឋមន្ត្រីខុទ្ទកាល័យជប៉ុន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “សេចក្ដីសម្រេចនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្គត់ផ្គង់ថាមពល ដល់ប្រទេសរបស់យើង ដោយស្ថិរភាពក្នុងរយៈពេលមធ្យម និងរយៈពេលវែង”។

ក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូ បានអនុម័តផ្ទេរ ទៅឱ្យក្រុមហ៊ុនជប៉ុនSakhalin Oil and Gas Development Co នូវភាគហ៊ុន៣០%ក្នុងក្រុមហ៊ុនរុស្ស៊ីថ្មីមួយ ដែលកាន់កាប់គម្រោង Sakhalin-1 ដោយគ្មានការផ្លាស់ប្ដូរ។

ប្រទេសរុស្ស៊ី បានចេញចំណាត់ការស្រដៀងគ្នានេះរួចហើយ លើគម្រោងប្រេង និងឧស្ម័នSakhalin-2 ដោយអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន Mitsui និង Mitsubishi រក្សាទុកភាគហ៊ុនរបស់ពួកគេ នៅក្នុងគម្រោងនេះ។

គម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin Oil and Gas Development ត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុន ធំពីរគឺក្រុមហ៊ុន Itochu និងក្រុមហ៊ុន Marubeni។

រដ្ឋាភិបាលក្រុងតូក្យូ បានបង្ហាញគោលនយោបាយរបស់ខ្លួន ក្នុងការរក្សាទុកផលប្រយោជន៍ របស់ប្រទេសជប៉ុន ក្នុងគម្រោងSakhalin-1 ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការពឹងផ្អែករបស់ប្រទេសជប៉ុន ផ្នែកប្រេងទៅលើតំបន់មជ្ឈិមបូព៌ា ដែលមានទំហំប្រមាណ៩០%។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់សហរដ្ឋអាមេរិក ExxonMobil ដែលមានភាគហ៊ុន៣០%ក្នុងគម្រោង Sakhalin-1 បានដកខ្លួនចេញទាំងស្រុងពីគម្រោងនេះ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន៕ Japan Times៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here