ប្រទេសថៃកំពុងប្រែក្លាយទីក្រុងបាងកកជាទីក្រុងឆ្លាតវៃដោយបច្ចេកវិទ្យាទំនើបនិងតម្លាភាព

0

ដោយ: លាងហួរ

បាងកក: រដ្ឋបាលក្រុងបាងកក (BMA) កំពុងធ្វើការប្រែក្លាយរាជធានីរបស់ខ្លួន ទៅជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កែលម្អគុណភាពជីវិត បង្កើតឱកាស និងទទួលបានទំនុកចិត្តពីប្រជាជន។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានមានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងសិក្ខាសាលា “Thailand Smart City: Bangkok Model” ដែលរៀបចំដោយ Nation TV និង Post Today ថា ទីក្រុងបាងកកនឹងក្លាយទៅជាទីក្រុងឆ្លាតវៃមួយ ប្រសិនបើបច្ចេកវិទ្យាត្រូវបានអនុវត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។

លោក​បាន​បញ្ជាក់ថា​ “វា​នឹង​មានការពិបាក​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​មួយ ​ប្រសិន​បើ​ប្រជាជន​មិន​ជឿជាក់​លើ​យើង​។ ដូច្នេះ ទីក្រុងឆ្លាតវៃត្រូវតែបំពេញនូវទិដ្ឋភាពទាំងអស់នេះ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា”។

លោកលើកឡើងថា បញ្ហាមួយទៀតដែលទីក្រុងបាងកកកំពុងប្រឈម គឺកង្វះតម្លាភាព ដែលជាបញ្ហាប្រឈមដ៏សំខាន់ ចាប់តាំងពីលោកបានចូលកាន់តំណែងជាអភិបាលក្រុងបាងកក កាលពីដើមឆ្នាំនេះ។

ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន រដ្ឋបាលក្រុងបាងកក(BMA)បានចាប់ផ្តើមកម្មវិធី Traffy Fondue ដើម្បីអនុញ្ញាតឱ្យប្រជាជនបាងកកអាចដាក់ពាក្យបណ្តឹងបាន។

លោកបានមានប្រសាសន៍ថា វាចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូចជា  ចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ និងការថែទាំសុខភាពសហគមន៍ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន ទៅកាន់ទីក្រុងឆ្លាតវៃ។

ទន្ទឹមនឹងនេះ លោក Wasit Wattanasap ប្រធានផ្នែកប្រតិបត្តិការទូទាំងប្រទេស និងគាំទ្រសម្រាប់សេវា Advanced Info Service (AIS) បានមានប្រសាសន៍ថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រោះវានឹងជួយដល់មនុស្សក្នុងការសម្រេចចិត្ត។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈមានភាពចាំបាច់ ដើម្បីធានាថាការផ្លាស់ប្តូរ ទៅជាទីក្រុងឆ្លាតវៃដំណើរការដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here