ដោយ: លាងហួរ
ហ្សាការតា: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងផ្លូវរថភ្លើង MRT របស់ទីក្រុងហ្សាការតា។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីនៅលើកោះបាលី។
ការចុះហត្ថលេខានេះ បានបង្កើតនូវកិច្ចព្រមព្រៀងចំនួន៣ និងMoU រវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង ដើម្បីដំណើរការដំណាក់កាលទី៤នៃគម្រោងខ្សែរថភ្លើង Fatmawati-Kampung Rambutan និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) រវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងជប៉ុនស្តីពី ការបន្តគម្រោងខ្សែរថភ្លើងភាគខាងកើត និងខាងលិចJakarta MRTក្នុងដំណាក់កាលទី១និងកិច្ចព្រមព្រៀង(LoI) ជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសស្តីពី កិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍គម្រោងផ្លូវដែក។
ការចុះហត្ថលេខានេះ មានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya Sumadi រដ្ឋមន្ត្រីដែនដីកូរ៉េខាងត្បូង ហេដ្ឋារចនាស ម្ព័ន្ធ និងដឹកជញ្ជូនលោក Won Hee-Ryong អនុរដ្ឋមន្ត្រីសហប្រតិបត្តិការការបរទេសជប៉ុនលោក Satoru Mizusima និងឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសឥណ្ឌូណេស៊ី។
ការចុះហត្ថលេខានេះ បង្ហាញពីចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ក្នុងការវិនិយោគក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសផ្នែកដឹកជញ្ជូន។
លោក Budi បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចក្រភពអង់គ្លេស គឺជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ី ក្នុងកិច្ចសហការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យដឹកជញ្ជូន៕