ដោយៈ គង់ សូរិយា
កណ្តាល/កំពង់ស្ពឺៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងក្លាយជាបណ្តាញគមនាគមន៍ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូន និងជាតំបន់បណ្តុំដោយរោងចក្រឧស្សាហកម្ម ខណៈដែលផ្នែកខ្លះ នៃតំបន់ឆ្លងកាត់កំណាត់ផ្លូវមួយខ្សែនេះ នឹងត្រូវកាត់ចូលជាទឹកដីរាជធានីភ្នំពេញនាពេលអនាគត
ការជំរុញឱ្យមានការវិនិយោគ លើរោងចក្រឧស្សាហកម្ម នៅតាមប ណ្តោយផ្លូវជាតិលេខ៥១ នឹងធ្វើឱ្យទីតាំងដីតំបន់នេះ កាន់តែទាក់ទាញសម្រាប់អ្នកវិនិយោគអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីពេលថ្មីៗនេះថា ផ្លូវជាតិ៥១សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យ ដូចជាលំនៅឋាន ឬគម្រោងបុរី។
លោកបញ្ជាក់ថា “សកម្មភាពវិនិយោគទាំងនេះ នឹងចូលរួមបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ”។
តើអ្នកជំនាញអចលនទ្រព្យមូលដ្ឋាន និងអ្នកវិភាគយល់ឃើញដូច ម្តេចពីសក្តានុពលផ្លូវមួយនេះ?។
លោកប៊ូ សេងហ៊ួ ប្រធានតំបន់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលចុះស្រាវជ្រាវពីផ្សារដីធ្លីក្នុងខេត្តនេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៥១ជាតំបន់ ដែលមានការវិនិយោគច្រើន លើរោងចក្រ ឧស្សាហកម្មដ៏លេចធ្លោមួយ បើធៀបនឹងតំបន់ផ្លូវជាតិលេខ៤១។
ចំំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងអាចទាញប្រយោជន៍ជាច្រើន ពីការផ្លាស់ប្តូរទិសដៅវិនិយោគ រោងចក្រ ឧស្សាហកម្មពីរាជធានីភ្នំពេញ និងរោងចក្រឧស្សាហកម្មថ្មីៗ ដោយសារមានទីតាំងនៅចន្លោះ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
លោកថ្លែងថា “នៅពេលដែលរាជធានីភ្នំពេញ កាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួន ចាប់ផ្តើមបង្វែរទិសដៅមកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ”។
លោកបន្ថែមថា រោងចក្រឧស្សាហកម្មជាច្រើន កំពុងវិនិយោគរួចទៅហើយនៅតាមទីតាំងមួយចំនួន ក្នុងខេត្តកំពង់ស្ពឺមាន ដូចជា ក្រុងច្បារមន ស្រុកឧដុង្គ និងស្រុកផ្សេងៗទៀត។
ផ្លូវជាតិលេខ៥១ មានប្រវែង៣៨គីឡូម៉ែត្រ ដែលគិតចាប់ពីឧដុង្គ ចំណុចប្រសព្វផ្លូវជាតិលេខ៥ រហូតដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៤។ កំណាត់ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនាឡើងវិញដោយ ចំណាយទឹកប្រាក់សាងសង់សរុប ប្រមាណ៤០លានដុល្លារអាមេរិក។
ផ្លូវជាតិលេខ៥១ជាផ្លូវយុទ្ធសាស្រ្តតភ្ជាប់ ជាមួយផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ហើយអាចតភ្ជាប់ តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕