រដ្ឋាភិបាលផ្ដល់លិខិតអនុញ្ញាតអភិវឌ្ឍន៍បុរីចំនួន២០គម្រោងក្នុងរយៈពេល៩ខែ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សកម្មភាពអភិវឌ្ឍសំណង់បុរីនៅក្នុងឆ្នាំ២០២២នេះ នៅតែបន្តដំណើរការជាលំដាប់ ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនបានធ្វើសកម្មភាពសាងសង់ សម្រាប់បំពេញតម្រូវការអតិថិជនរបស់ខ្លួន។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតឱ្យសាងសង់គម្រោងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរីចំនួន២០គម្រោង។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ផងដែរថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់។ ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ជាដើម។

លោកបន្តថា ក្នុងរយៈពេល៩ខែនេះ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួនជាង៣ពាន់គម្រោង ក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមាន៩៨គម្រោង ស្មើនឹង១០០អគារ ហើយទីក្រុងភ្នំពេញទទួលបានគម្រោងសាងសង់អគារខ្ពស់ច្រើនជាងគេ។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរី ចាន់ណា លែន បានឱ្យដឹងថា ទីផ្សារលំនៅឋាននៅតែមានតម្រូវការ និងមានការអភិវឌ្ឍ ជាពិសេសលំនៅឋានតម្លៃសមរម្យ ដែលមិនសូវទទួលផលប៉ះពាល់ពីវិបត្តិប៉ុន្មាននោះទេ។

លោក ផូន សុអុនដែន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន KH Land ក៏បានឱ្យផងដែរថា ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុនបានបន្តអភិវឌ្ឍន៍គម្រោងសម្រាប់ផ្គត់ផ្គង់ជូនអតិថិជន ទាំងគម្រោងដីឡូតិ៍ និងលំនៅឋាននៅក្នុងតំបន់ជុំវិញគម្រោង ពោលគឺ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលមានគម្រោងលំនៅឋានជាបុរីមួយចំនួនចាប់ផ្ដើមធ្វើសកម្មភាពសាងសង់បំពេញតម្រូវការផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here