ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ ជាមុខរបរពេញនិយមនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន។
ដូចនេះតើត្រូវធ្វើយ៉ាងណា ទើបក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ?។
១.រៀនសិនមុនចាប់ផ្ដើមកម្មវិធីនិយោគ
កុំធ្វើអ្វីមួយដែលគ្មានចំណេះដឹង វាប្រឈមមុខនឹងការខាតបង់ ហើយពិបាកនឹងស្តារឡើងវិញណាស់ ដូចនេះបងប្អូនទៅរៀនសូត្រសិនមុនចាប់ផ្ដើមវា។ ការរៀន និងបន្តអភិវឌ្ឍន៍ ចំណេះដឹងគ្មានទីបញ្ចប់រៀនផង អនុវត្តន៍ផង ដើម្បីក្លាយជាអ្នកជំនាញទើបរីកចម្រើន និងមានឱកាសទទួលបានប្រាក់ចំណេញជាអតិបរមា។
២ គោលបំណងជាក់លាក់ដើម្បីទទួលបានផលចំណេញជាអតិបរមា
ត្រូវមានគោលបំណងជាក់លាក់ ដើម្បីអោយការវិនិយោគនេះ ទទួលបានប្រាក់ចំណេញច្រើន តាមតែអាចធ្វើទៅបាន។ មិនមែនវិនិយោគ ព្រោះតែចង់មានដី ឬផ្ទះលំហែ សម្រាប់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកឲ្យតែមានអចលនទ្រព្យនឹងគេដែរនោះទេ។ នៅពេលដែលយើងមានគោលបំណងត្រឹមតែលំហែ ឬជាចំការ ប្រាកដណាស់អចលនទ្រព្យ ដែលយើងទិញ មិនមានការទទួលបានប្រាក់ចំណេញខ្ពស់នោះទេ។ ការដឹងពីព័ត៌មានច្បាស់លាស់ វិភាគចំនេញ ខាត ដោយប្រើខួរក្បាល រឺប្រើតួរលេខ មិនប្រើអារម្មណ៍ ឬប្រើបេះដូងដើម្បីទិញនោះ ប្រាកដណាស់យើងនឹងមានឱកាសចំណេញបានច្រើន។
៣. ជ្រើសរើសតំបន់ ឬគម្រោងដែលមានសក្កានុពលខ្ពស់
ជាអ្នកវិនិយោគ ក៏មិនខុសពីភ្នាក់ងារអចលនវត្ថុដែរ នៅពេលចាប់ផ្ដើម ត្រូវផ្តោតតំបន់ណាមួយ អោយច្បាស់ហើយ ចងបណ្ដាញនៅតំបន់នោះ ប្រើយុទ្ធសាស្ត្រផ្ការីក។ ចង់បានអចលនទ្រព្យល្អ តម្លៃក្រោមទីផ្សារ មិនមានយើងមានលុយ ហើយចុះទៅទិញដូចទិញត្រី ឬបន្លែពីផ្សារមកទេ គឺត្រូវអត់ធ្មត់រង់ចាំទើបឍឱកាសល្អនឹងមកដល់។ ម្យ៉ាងទៀតដោយសារកត្តាធនធាននិងពេលវេលាមានកំណត់ ដូចនេះហើយអ្នកវិនិយោគត្រូវតែផ្តោត តាមតំបន់សក្តានុពលដែល យើងបានកំណត់។
៤.ចងបណ្តាញ
ចងក្រងបណ្ដាញក្នុងតំបន់គោលដៅ របស់យើងដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជាជាមួយនឹងអាជ្ញាធរមូលដ្ឋាន អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុជំនាញ រឺអ្នកគួកជេរដែលអាចជឿទុកចិត្តបាន ដើម្បីដឹងពីគម្រោងអភិវឌ្ឍន៍នានា និងអចលនទ្រព្យ ដែលដាក់លក់បន្ទាន់ រឺអចលនទ្រព្យនៅទីតាំងល្អៗ។
៥. មានផែនការរយៈពេលវែងនិងផែនការហិរញ្ញវត្ថុ
សម្រាប់អ្នកវិនិយោគផ្ទះ ត្រូវការពេលវេលាពី២ទៅ ៣ឆ្នាំ។ រីឯដីធ្លី ត្រូវការរយៈពេលវែងចាប់ពី៥ឆ្នាំឡើង រហូតដល់១០ទៅ១៥ឆ្នាំ ឬលើសនេះទៀតក៏មាន។ ដូចនេះត្រូវមានផែនការហិរញ្ញវត្ថុ ឲ្យសមស្របនឹងពេលវេលា ដែលយើងបានកំណត់នោះដែរ។
ប្រសិនបើគ្មានផែនការជាក់លាក់ គ្មានផែនការហិរញ្ញវត្ថុសម្រាប់រយៈពេលវែង ប្រាកដជាត្រូវបង្ខំចិត្តលក់វិញ ជាមួយនឹងតម្លៃដើម ឬចំណេញតិចតួច នៅពេលខ្លះលក់ខាតផងក៏មានដែរ។
៦. ដឹងពីពេលវេលាត្រូវទិញ និងពេលវេលាចាកចេញ
ទិញនៅពេលទីផ្សារស្ងាត់ ហើយលក់វិញនៅពេលទីផ្សារឈូឆរ រឺដល់ចំណុចខ្ពស់។ ជាធម្មតាសម្រាប់អ្នកជួញដូរអចលនទ្រព្យ គឺពួកគាត់ទៅទិញនៅពេលដែលគេផ្អើលហើយប៉ុណ្ណោះ ព្រោះតែគាត់គ្មានបណ្ដាញ រឺប្រភពព័ត៌មាន។
បន្ថែមលើផែនការរយៈពេលវែងខាងលើ យើងត្រូវដឹងពីទីផ្សារតំបន់និងដល់ចំណុចកំពូលហើយពេលណា ត្រូវចាកចេញពេលណា អ្នកខ្លះមិនព្រមលក់ទេ ទោះជាទីផ្សារជិតដល់កំពូល រឺដល់កំពូលហើយ ដែលវាដល់ពេលនឹងឡើងយឺត ឬចិត្តដល់ពេលធ្លាក់ចុះមកវិញហើយ។
សូមប្រុងប្រយ័ត្នទីផ្សារនៅស្រុកយើង ពិបាកនឹងទុកចិត្តណាស់ នៅពេលដែលអាចជាយុទ្ធសាស្ត្រ ដែលអ្នកមានដីធំៗប្រើសំរាប់លក់ដីគេចេញវិញក៏មានដែរហើយ យើងទិញគឺមានតម្លៃថ្លៃបាត់ទៅហើយ បន្ទាប់ពីផ្អើលហើយ ទីផ្សារអាចនឹងចាប់ផ្ដើមស្ងាត់វិញក៏មាន៕