ដោយៈ សុខុម
ហុងកុង: ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន៣ នៅប្រទេសចិន បានសន្យាបរិច្ចាគប្រាក់ក្នុងម្នាក់ៗ ជាង២ពាន់លានដុល្លារអាមេរិកសម្រាប់កិច្ចការមនុស្សធម៌ ក្នុងរយៈពេលមួយឆ្នាំមកនេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
លោក Rupert Hoogewerf ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងវិនិយោគដែលមានឈ្មោះថា Hurun បានលើកឡើងថា បញ្ជីរាយនាមសប្បុរសជនចិន ប្រចាំឆ្នាំ២០២២ ឬHurun China Philanthropy List 2022 បង្ហាញថា កំពូលមហាសេដ្ឋីចំនួន៤៩រូបដែលក្នុងម្នាក់ៗ បានបរិច្ចាគ១៤លានដុល្លារអាមេរិក គិតចាប់ពីខែមេសា ឆ្នាំ២០២១ គិតមកត្រឹមដំណាច់ខែសីហា ដែលធ្វើឱ្យការបរិច្ចាគសរុបឈានដល់១០ពាន់លានដុល្លារអាមេរិក មិនធ្លាប់មានប្រចាំឆ្នាំ។
របាយការណ៍ដដែលបង្ហាញថា កំពូលសប្បុរសជនទាំង១០ នៅប្រទេសចិន ដែលសុទ្ធតែមានឈ្មោះក្នុងបញ្ជីរាយនាម កំពូលអ្នកមាននៅចិន របស់ Hurun បានបរិច្ចាគ៦,៣% នៃទ្រព្យសម្បត្តិសរុបរបស់ពួកគេ ឬ ស្មើនឹងប្រមាណ៨,៧ពាន់លានដុល្លារអាមេរិក។
លោក Rupert Hoogewerf បានលើកឡើងតាមរយៈបញ្ជីឈ្មោះសប្បុរសជន ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា “កំពូលសប្បុរសជនទាំង៣ នៅក្នុងបញ្ជីបានបរិច្ចាគម្នាក់ៗ ជាង២,១ពាន់លានដុល្លារអាមេរិក ហើយពួកគេសុទ្ធតែមកពីបណ្ដាក្រុមហ៊ុនអ៊ីនធឺណិត”។
លោកបន្ថែមទៀតថា កំពូលមហាសេដ្ឋីទាំងនោះកាលពីពេលថ្មីៗនេះបានចេញមកឆ្លើយតបភ្លាមៗ ទៅនឹងការអំពាវនាវរបស់លោក ស៊ី ជីនភីង ដែលសុំឱ្យចូលរួមចំណែកដល់គោលនយោបាយ “វិបុលភាពរួម” (Common Prosperity) ដែលមានគោលដៅចង់ឱ្យប្រជាជនចិន មានបាន និងសម្បូរសប្បាយទាំងអស់គ្នា។
“វិបុលភាពរួម” នេះកាលពីដំបូងបានលេចឡើង ជាជាគំនិតនៃការចែករំលែកទ្រព្យសម្បត្តិ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ មិនយូរប៉ុន្មានក្រោយពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយបានលេចចេញឡើងជាថ្មីម្ដងទៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលប្រទេសចិន បានធ្វើការពិសោធន៍ជាមួយនឹងមូលធននិយម និងសេរីភាវូបនីយកម្មសេដ្ឋកិច្ច។
ប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជីនភីង បានអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រជាជនទូទាំងប្រទេស ចូលរួមអនុវត្តគោលនយោបាយ “វិបុលភាពរួម” ដើម្បីបង្រួមគម្លាតរវាងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងប្រជាជនក្រីក្រតោកយាកនៅជនបទ៕ South China Morning Post៕