ដោយៈ សុខុម
វៀតណាម: ខេត្តភាគខាងត្បូងរបស់វៀតណាម Dong Nai គ្រោងលៃទុកដីរដ្ឋចំនួន១១.០០០ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍ឬពង្រីកទីក្រុងនៅត្រឹមឆ្នាំ២០៣០ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងសួនឧស្សាហកម្មក្នុងខេត្តនេះ កំពុងស្ថិតក្រោមការសាងសង់ ដែលអាចនឹងបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខ។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ស្រុក Long Thanh នៃខេត្តនេះ គ្រោងផ្ដល់ដីបន្ថែមចំនួន២.៤០០ហិកតា សម្រាប់ការអភិវឌ្ឍ ខណៈស្រុក Nhon Trach គ្រោងផ្ដល់ដីបន្ថែមទៀតចំនួន២.០៥០ហិកតា ហើយស្រុកមួយចំនួនទៀត ក៏រំពឹងផ្ដល់ដីបែបនេះបន្ថែមទៀតដែរ។
រដ្ឋបាលខេត្តនេះលើកឡើងថា ផែនការរបស់ខ្លួនក្នុងការលៃទុកដីបន្ថែមនេះ ធ្វើឡើងស្របគ្នាទៅនឹង គម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងគម្រោងសួនឧស្សាហកម្មថ្មី ឬដែលកំពុងស្ថិតក្រោមការសាងសង់។
តួយ៉ាង ស្រុក Long Thanh និង Nhơn Trạch គ្រោងនឹងបង្កើតតំបន់លំនៅដ្ឋានបន្ថែមទៀត នៅពេលការបញ្ចប់គម្រោងសួនឧស្សាហកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ដូចជា ស្ពាន Cat Lai Bridge ផ្លូវល្បឿនលឿន Ben Luc-Long Thanh Expressway និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ជាដើម នឹងទាក់ទាញមនុស្សកាន់តែច្រើនដែលមកពីទីក្រុង និងខេត្តជិតៗឱ្យចូលមកធ្វើការនៅក្នុង Dong Nai។
ខេត្ត Dong Nai ស្ថិតក្នុងចំណោមខេត្តសេដ្ឋកិច្ចសំខាន់ៗ នៅភាគខាងត្បូងរបស់វៀតណាម។ ប្រទេសវៀតណាម ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ សម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ជាងប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។
ខេត្ត Dong Nai មានប្រជាជនជាង៣,២លាននាក់ ដោយប្រជាជនមួយចំនួនធំ ដែលមកពីខេត្តផ្សេងៗបានផ្លាស់ប្តូរ មកធ្វើការនៅក្នុងខេត្តនេះ ជាពិសេសនៅតាមសួនឧស្សាហកម្មនានា៕ Vietnam News៕