រដ្ឋាភិបាលរំពឹងថាកម្ពុជារំពឹងទាក់ទាញទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់នៅឆ្នាំ២០២៨

0

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានមើលឃើញ កំណើនភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមកើនឡើងវិញ នៅក្នុងឆ្នាំ២០២២នេះដោយរំពឹងថានៅឆ្នាំ២០២៨ខាងមុខ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឱ្យដឹងក្នុងពិព៌ណមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធថា ឆ្នាំ២០២២នេះ កម្ពុជាប៉ាន់ស្មានថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ២លាននាក់និងភ្ញៀវទេសចរផ្ទៃ ក្នុងប្រមាណ១១លាននាក់យ៉ាងតិច។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ក្រសួងទេសចរ​ណ៍បានដាក់ចេញនូវគោលនយោបាយផែនការ និងយុទ្ធសាស្ត្រធំៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ។

លោកបន្តថា “កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានប្រមាណ៧,៥លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់នៅឆ្នាំ ២០២៨ខាងមុខ”។ លោកបន្តថា “ស្ថានភាពអាជីវកម្មទេសចរក្នុងឆ្នាំ ២០២២នេះ អាជីវកម្មទេសចរណ៍ ប្រមាណ២.៧០៨ទីតាំងបានបើកឡើងវិញ និងបុគ្គលិកធ្លាប់រងផលប៉ះពាល់ ទទួលបានការងារវិញប្រមាណ៣១ពាន់នាក់”។

លោកថោង ខុនបានបន្ថែមថា ការត្រលប់មកវិញនូវកំណើនវិជ្ជមានរបស់ភ្ញៀវទេសចរគឺ ពឹងផ្អែកសំខាន់លើកត្តាសំខាន់៣ រួមមាន ទី១. កម្ពុជាជាប្រទេសនាំមុខមួយ ដែលចំនួនភាគរយប្រជាជន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនស្ទើរតែ១០០ភាគរយ និងត្រូវបានទទួលស្គាល់ថាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង ។ ទី២. ការបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា តាមរយៈយុទ្ធសាស្ត្រថ្មីៗដូចជាទេសចរណ៍ MICE ព្រឹត្តិការកីឡា កម្មវិធីពិព័រណ៍ ផ្សេងៗ ទី៣. បន្តពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ ស្របតាមទីផ្សារក្រោយវិបត្តិកូវីដ១៩ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញនផ្សាយនៅថ្ងៃទី១៦វិច្ឆិកា២០២២នេះឱ្យដឹងថា ក្នុងសប្ដាហ៍ទី២នៃខែវិច្ឆិកា ២០២២នេះ កម្ពុជា ទទួលភ្ញៀវទេសចរផ្ទៃក្នុងស្រុកចំនួនជាង២,៧លាននាក់ ក្នុងនោះខេត្តតំបន់សមុទ្រចំនួនពីរទទួលបានភ្ញៀវច្រើនជាងគេ គឺខេត្តព្រះសីហនុនិងខេត្តកំពត ដោយខេត្តទាំងពីរនេះ មានភ្ញៀវទេសចរផ្ទៃក្នុង សរុបប្រមាណ១,២លាននាក់ទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here