ដោយ: លាងហួរ
ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន នឹងលេចចេញជាលទ្ធផលផ្លែផ្កា នៅក្នុងត្រីមាសទី៤នេះ។
នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រី Meng Wei អ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ស្ថិតិសម្រាប់ខែតុលា បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានទប់ទល់នឹងផលប៉ះពាល់នៃកត្តាជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេសផង ប៉ុន្តែវានៅតែរក្សាបាននូវការងើបឡើងវិញជាលំដាប់។
យោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយការិយាល័យស្ថិតិជាតិបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិន បានកើនឡើង៥ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំនៅក្នុងខែតុលា។
ក្នុងរយៈពេល១០ខែដំបូង ទំហំនៃការវិនិយោគលើទ្រព្យសកម្មថេររបស់ប្រទេសចិនបានកើនឡើង៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៨,៧ភាគរយ និង៩,៧ភាគរយរៀងគ្នា។
លោកស្រី Meng បានបន្ថែមថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងស្ថិរភាពនៃវិស័យសំខាន់ៗ កំពុងដំណើរការយ៉ាងលឿន ដោយសារកញ្ចប់គោលនយោបាយ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងវិធានការតាមដាននានាកំពុងមានប្រសិទ្ធភាពជាបណ្តើរៗហើយ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងប៉េកាំង បានចេញសារាចរស្តីពីការបង្កើនប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយបានប្រកាសអំពីវិធានការបង្ការ និងគ្រប់គ្រងចំនួន២០។
វិធានការនេះ មានគោលបំណងសម្រប ទៅនឹងស្ថានភាពថ្មីនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សកម្មភាពទាំងនេះ នឹងធ្វើឱ្យវដ្តនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដំណើរការកាន់តែរលូន និងជំរុញការងើបឡើងវិញនៃតម្រូវការទីផ្សារ។
លោកស្រីបានបន្ថែមថា ដោយសម្លឹងមើលឆ្ពោះទៅមុខ រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកការវិនិយោគប្រកប ដោយប្រសិទ្ធភាព បង្កើនការគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម និងអាជីវកម្មបុគ្គល និងអនុវត្តគោលនយោបាយស្ថិរភាពការងារ៕