ការសិក្សាៈប្រជាជនជាង៦០ភាគរយនៅតែគិតថាការវិនិយោគ អចលនទ្រព្យនៅតែល្អ

0

ដោយៈ សុផារី

       ភ្នំពេញៈ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរ តាមរយៈកំណើននៃវិនិយោគិនអន្តរជាតិត្រលប់មកវិញជាបណ្តើរៗ។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia បានឱ្យដឹងថា ជាង៦២ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិអចលនទ្រព្យ និងសំណង់ យល់ឃើញថា ការទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ល្អមួយនៅពេលបច្ចុប្បន្ន។

ក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅប្រទេសកម្ពុជា (AmCham Cambodia)កាលពីពេលថ្មីៗនេះបានរកឃើញថា ជាង៦២% នៃអ្នកឆ្លើយតបយល់ថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។

របាយការណ៍បានបង្ហាញថា អ្នកឆ្លើយ៦៣% បានជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដីអ្នកឆ្លើយតបជាង៥៧% យល់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃខ្លាំង ដែលនេះជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចាប់យកក្រុមអតិថិជនចំណូលទាប និងមធ្យម។

របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គ ង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ជាង៥៧ភាគរយនៃអ្នកឆ្លើយ មានអារម្មណ៍ថាទីផ្សារអចលនទ្រព្យ មិនមានតម្លៃសមរម្យទេ ដោ​យបញ្ជាក់ពីឱកាសនៅក្នុងទីផ្សារ សម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីកំណត់គោលដៅផ្នែកអ្នកទិញសម្រាប់កម្រិតទាប ដល់កម្រិតកណ្តាល។

លោកTom បាននិយាយថា “មានឱកាសជាច្រើន នៅក្នុងទីផ្សារអចលនទ្រព្យឥឡូវនេះ ហើយវាគឺជាពេលវេលាដ៏ល្អមួយក្នុងការទិញ ទាំងអ្នក​ទិញអន្តរជាតិ និងអ្នកទិញក្នុងស្រុក”។ លោកបន្ថែមថា “ការចាប់អារម្មណ៍លើទីផ្សារបានកើនឡើង ជាពិសេសនៅក្នុងការរំពឹងទុកនៃព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។ ការស្ទង់មតិរបស់ AmCham ក៏កំពុងបង្ហាញផងដែរថា តម្លៃអចលនទ្រព្យអាចកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon បានផ្តល់យោបល់ក្នុងអំឡុងពេលពិភាក្សាជាក្រុមថា “ខណៈពេលដែលជំងឺរាតត្បាត បានបង្ហាញយ៉ាងច្បាស់ ពីរយៈពេលដ៏លំបា​ក សម្រាប់អាជីវកម្មជាទូទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសឱ្យទីផ្សារចុះត្រជាក់វិញ ហើយទុកពេលឱ្យទីផ្សារនេះ ស្រូបស្រូបយកការផ្គត់ផ្គង់ដែលមានស្រាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here