ក្រុមហ៊ុនចិនធំៗជះលុយយ៉ាងសម្បើម វ៉ាឈ្នះអាមេរិកក្លាយជាម្ចាស់ Sponsor ធំបំផុតសម្រាប់World Cup នៅកាតា

0

ដោយៈ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនធំៗរបស់ប្រទេសចិន បានក្លាយជាម្ចាស់ Sponsor ឬ អ្នកឧបត្ថម្ភធំបំផុតសម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា។

ក្រុមហ៊ុនធំៗរបស់មហាយក្សចិន បានជះលុយច្រើនសម្បើម ដើម្បីប្រជែងឈ្នះក្រុមហ៊ុនធំៗរបស់រដ្ឋអាមេរិក រួមមាន ទាំងក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុន Budweiser ផងដែរ រហូតក្លាយជាម្ចាស់Sponsor ធំបំផុតសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នេះ។

យោងក្រុមហ៊ុនវិភាគទិន្នន័យ និងគ្រោះយោបល់ GlobalData ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានឱ្យដឹងថា ក្រុមហ៊ុនចិន ទាំងនោះបានឧបត្ថម្ភ រហូតដល់ទៅ១,៣៩ពាន់លានដុល្លារអាមេរិក សម្រា​ប់ព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ ដោយវ៉ាឈ្នះក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភចំនួន១,១ពាន់លានដុល្លារ។

ភាពលេចធ្លោលើសគេរបស់បណ្ដាក្រុមហ៊ុនចិន នៅក្នុងព្រឹត្តិការណ៍ World Cup នេះឆ្លុះបញ្ចាំងពីមហិច្ឆតា របស់ក្រុមហ៊ុនទាំងនោះ ក្នុងការពង្រីកទីផ្សាររបស់ខ្លួន នៅក្រៅប្រទេសឱ្យឈានមួយកម្រិតទៀត  ដើម្បីឱ្យស័ក្ដិសមនឹងឈ្មោះជាក្រុមហ៊ុនធំ។

កំណើនក្រុមហ៊ុនចិន ដែលក្លាយជាម្ចាស់ Sponsor ធំបំផុតនេះកើតមានឡើងស្របគ្នា ទៅនឹងក្តីស្រមៃរបស់ប្រធានាធិបតី ស៊ី ជីនភីង ដែលចង់ប្រែក្លាយប្រទេសចិន ទៅជាមហាអំណាចបាល់ទាត់តាមរយៈផែនការ និងគោលដៅដ៏មានមហិច្ឆតានានា ដូចជា ការបង្កើនចំនួនសាលារៀនដែលមានទីលានបាល់ទាត់ឱ្យបាន១០ខ្ទង់ នៅត្រឹមឆ្នាំ២០២៥ ជាដើម។

លោក Martin Roll អ្នកជំនាញខាងម៉ាកយីហោ និងជាអ្នកប្រឹក្សាដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន Al Jazeera ថា “វាឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុនចិនទាំងនេះ កំពុងធ្វើសកម្មភាពក្នុងកម្រិតពិភពលោក ហើយការបង្ហាញវាទៅដល់ទស្សនិកជនចិន ពិតជាមានសារៈសំខាន់ណាស់។

លោកបន្តថា “ការក្លាយជាម្ចាស់ Sponsor និងជាដៃគូទីផ្សាររបស់ World Cup គឺសម្រាប់តែក្រុមហ៊ុនសម្រិតសម្រាំងមួយចំនួនតូច ដែលមានលទ្ធភាពខ្ពស់ប៉ុណ្ណោះ”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here