ផ្លូវសំខាន់ៗចំនួនបីខ្សែជាក្តីសង្ឃឹមក្នុងការលើកកំពស់សក្តានុពលអចលនទ្រព្យខេត្តកោះកុង

0

ដោយៈ សុផារី

កោះកុងៈ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងមកកាន់ខេត្តកោះកុង និងផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុមកកាន់ខេត្តកោះ​កុង ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ជាប្រព័ន្ធផ្លូវជាតិសំខា​ន់ៗបីខ្សែ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជំរុញការអភិវឌ្ឍទៅកាន់ខេត្តកោះកុង។

អ្នកជំនាញអចលនទ្រព្យផ្តល់ក្តីរំពឹងថា ផ្លូវទាំងបីខ្សែនេះ នឹងនាំមកនូវការវិនិយោគ និងការរីកចម្រើនដល់វិស័យអចលនទ្រព្យ នៅក្នុងខេត្តជាប់តំបន់ឆ្នេរ ដែលអភិវឌ្ឍន៍ថ្មីមួយនេះ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ផ្លូវជាតិលេខ១០ ជាផ្លូវជាតិសំខាន់មួយ ដែលតភ្ជាប់ពីខេត្តបាត់ដំបង តាមរយៈស្រុកសំឡូត កាត់តាមខេត្តពោធិ៍សាត់ក្នុងតំបន់ស្រុកវាលវែង ហើយភ្ជាប់មកកាន់ខេត្តកោះ​កុង ដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់អ្នកវិនិយោគនិងម្ចាស់អាជីវកម្ម នៅក្នុងវិស័យដឹកជញ្ជូន ដោយសារភាពងាយស្រួលក្នុងការនាំចេញ នាំចូលទំនិញពីបណ្តាខេត្តផ្សេងៗ ជាពិសេសមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ជាដើម ចូលមកកាន់ខេត្តកោះកុង។

លោកប៉ោហេងលើកឡើងទៀតថា ផ្លូវជាតិលេខ៤៨ ក៏នឹងជំរុញឱ្យមានភាពងាយស្រួលបន្ថែមទៀត ក្នុងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង។ ផ្លូវជាតិមួយនេះ នឹងបង្រួមរយៈចម្ងាយកាន់តែខ្លី ដោយចំណាយពេលត្រឹមតែប្រហែល២ម៉ោងតែប៉ុណ្ណោះ។

ផ្លូវសំខាន់មួយទៀតនោះ គឺ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលត្រូវបានដាក់ដំណើរការរួចរាល់ផងដែរនោះ ក៏កាន់តែជំរុញឱ្យខេត្តកោះ​កុង មានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល ពីភ្នំពេញនិងបណ្តាខេត្តផ្សេងៗបន្ថែមទៀតផងដែរ ដែលនេះនឹងនាំមកកនូវចរន្តទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម។

លោកបញ្ជាក់ថា “គម្រោងទាំងនេះ នឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា និងនាំអ្នកវិនិយោគមកកាន់ខេត្តកោះកុង ហើយក៏បង្កភាពងាយស្រួលដល់អ្នកប្រកបរបរផ្សេងៗ”។

ជាមួយគ្នានេះ លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យនៅក្នុងមូលដ្ឋានខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សក្តានុពលខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់សំខាន់នោះគឺ ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ដែលជំរុញចរន្តសេដ្ឋកិច្ចជាច្រើន។

លោកបានបញ្ជាក់ថា “ផ្លូវជាតិលេខ១០ បានស្រូបយកទេសចរជាច្រើនពីខាងខេត្តសៀមរាប បាត់ដំបង មកកាន់ទីផ្សារទេសចរណ៍នៃខេត្តមួយនេះ។ បន្ថែមលើសនេះ ក៏ផ្តល់ប្រយោជន៍ដល់ទីផ្សារពាណិជ្ជកម្ម និងអចលនទ្រព្យសម្រាប់ខេត្តផ្ទាល់”។

លោក គង់ វិសា បានមានប្រសាសន៍ឱ្យដឹងទៀតថា ចំណែកផ្លូវជាតិលេខ៤៨ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ដែលបង្កភាពងាយស្រួល ក្នុងការដឹកទំនិញពីក្រុងព្រះសីហនុ ទៅកាន់ខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរទៅតាមភ្នំពេញដូចមុននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here