ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានសម្រេចចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍តំបន់ពិសេសប៉ោយប៉ែត-អូរនាង ដែលគ្រោងនឹងបោះទុន២០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យជាដើមនៅក្នុងប្រទេសម្ពុជា។
ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយលោកឧកញ៉ា អ៊ឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន លីមីតធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group Co., Ltd នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភ្នំពេញ ដោយមាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមធ្វើជាសាក្សីផងដែរ។
លោក Ge Chuanbao នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Guozhi Group Co., Ltd ធ្លាប់បានថ្លែងថា ប្រទេសកម្ពុជា គឺជាគោលដ៏សំខាន់ក្នុងការបោះទុនវិនិយោគរបស់លោក ដើម្បីផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដូចជា ផ្តល់ការងារធ្វើជូនដល់ប្រទេសកម្ពុជា បង្កើនប្រាក់ចំណូលចូលពន្ធដារ ដែលជាប្រាក់ចំណូលរបស់ជាតិសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសកម្ពុជា អោយមានការរីកចម្រើនបន្ថែមទៀត។
លោកបន្តទៀតថា “ក្រុមហ៊ុនរបស់លោកបានបោះទុនវិយោគ នៅក្នុងបណ្តាប្រទេសផ្សេងទៀតជាច្រើន នៅក្នុងតំបន់អាស៊ានមាន ដូចជា ប្រទេសសឹង្ហបុរី និងប្រទេសថៃ ដែលមានទំហំទឹកប្រាក់វិនិយោគរហូតដល់១,៦ពាន់លានដុល្លារ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិន បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងមួយឆ្នាំៗក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨០០លានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំ៨៣០លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ៣,៩០០លានដុល្លារឤមេរិក។
ប្រទេសចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់៥,១០០លានដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី។
ដោយឡែកនៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីការអភិវឌ្ឍប្រទេស កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២០០លានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និង អប់រំ ។
ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានប្តេជ្ញាបន្តពង្រីក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។ល៕