សម្តេចតេជោបង្ហើបពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបកំពុងស្ថិតនៅក្នុងការសិក្សា

0

ដោយៈសុផារី

ភ្នំពេញ: គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ តភ្ជាប់ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងការសិក្សា ដើម្បីពន្លឿនកិច្ចការឈានទៅកាន់ជំហានបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជា កំពុងមានផ្លូវល្បឿនលឿនទី២មួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ នោះគឺផ្លូវល្បឿនលឿនភ្នំពេញបាវិត។ ជាពិសេស គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជាក៏កំពុងតែត្រូវបានសិក្សាហើយ ដោយរំពឹងថានឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗនេះផងដែរ។ នេះបើយោងតាមការសរសេរបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ទោះជាយ៉ាងណាក្តី សម្តេចតេជោមិនទាន់បានបង្ហើបថា ក្រុមហ៊ុនណាមួយ ឬក្រុមហ៊ុនសញ្ជាតិណាមួយជាអ្នកកំពុងសិក្សានោះទេ។

សម្តេចសរសេរថា “យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅបាវិតព្រំដែនវៀតណាម”។

សម្តេចបានសរសេរបញ្ជាក់ ដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្នាក់នៅលើផូសដដែល ដោយបានបញ្ជាក់ថា ចំពោះផ្លូវល្បឿនលឿន១ខ្សែទៀត ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតក្នុងដំណាក់កាលសិក្សា។

កាលពីសប្តាហ៍មុន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បង្ហើបប្រាប់ពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចំនួន៤ ក្នុងការសាងសង់គម្រោងដ៏ធំមួយនេះ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ក៏កំពុងវិវឌ្ឍទៅមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here