ក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះរហូតដល់ទៅ៥០០គ្រឿង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ

0

ដោយៈ សុខុម

ញូវដេលី: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ជិតឈានដល់ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ពីក្រុមហ៊ុនAirbus និងក្រុមហ៊ុន Boeing រហូតដល់ទៅ៥០០គ្រឿង ដែលជាចំនួនច្រើនមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមប្រភពក្នុងឧស្សាហកម្ម បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ។

ប្រភពដដែលបានបញ្ជាក់ថា ការបញ្ជាទិញនេះ រួមមាន យន្តហោះដឹកអ្នកដំណើរធុនតូចចំនួន៤០០គ្រឿង និងយន្តហោះធុនធំចំនួន១០០គ្រឿង ឬអាចច្រើនជាងនេះ ដែលរួមមានយន្តហោះធុន Airbus A350 និងយន្តហោះធុន Boeing 787 និង Boeing 777 ផងដែរ ហើយកិច្ចព្រមព្រៀងទិញយន្តហោះទាំងនេះ អាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចព្រមព្រៀងដ៏ធំសម្បើមបែបនេះ អាចនឹងមានតម្លៃលើស១០០ពាន់លានដុល្លារ ហើយវាស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង បញ្ជាទិញយន្តហោះតែមួយលើកច្រើនបំផុតក្នុងពិភពលោក។

ទោះបីជាមានការលក់បញ្ចុះថ្លៃច្រើន កម្រិតណាក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ នឹងមានតម្លៃយ៉ាងហោចណាស់រាប់សិបពាន់លានដុល្លារដែរ។

ឧស្សាហកម្មអាកាសចរណ៍ ចាប់ផ្ដើមមានតម្រូវការឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ប៉ុន្តែនៅតែប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗពីឧស្សាហកម្ម និងបរិស្ថាន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Airbus និងក្រុមហ៊ុនBoeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ។

ចំណែកឯក្រុមហ៊ុន Air India ដែលគ្រប់គ្រងដោយក្រុមហ៊ុនTata Group ក៏មិនបានឆ្លើយតបភ្លាមៗដែរ ចំពោះសំណើសុំការឆ្លើយបំភ្លឺដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here