លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីវុធីសាស្រ្តដល់អ្នកចង់បើកក្រុមហ៊ុនអចលនទ្រព្យថ្មីៗ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាបុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យមួយរូប បានផ្ដល់ជាទស្សនទានមួយចំនួន ដល់អ្នកគ្រោងនឹងបើកក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យថ្មីៗ។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia ដែលកំពុងអភិវឌ្ឍន៍បុរីវិមានសំណាងដ៏ធំ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា “អ្នកចង់បើកក្រុមហ៊ុនReal Estate ក្នុងឆ្នាំ២០២៣ គាត់ត្រូវរកបង្អែកដ៏រឹងមាំមួយដើម្បីដើរតាម ។ មានន័យថា គាត់ត្រូវធ្វើជារោមដំរី ជើងដំរីក៏បានដែរ ដោយមិនចាំបាច់ធ្វើជាក្បាល តែជាក្បាលមាន់នោះទេ”។ លោកបន្ថែមថា “ក្នុងន័យនេះ បើសិនជាយើងមានក្រុមហ៊ុនណាមួយ ឬមានអ្នកណាម្នាក់ខ្លាំង ក្នុងវិស័យអចលនទ្រព្យ យើងសុំគាត់នៅអែបៗ ដើម្បីទប់យើងមិនឱ្យដួល ហើយយើងក៏ស្វះស្វែងរកឱកាស”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ការបើកក្រុមហ៊ុនមួយ គឺត្រូវចំណាយច្រើនណាស់ ដូចជា ការជួលការិយាល័យ ចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម បុគ្គលិក និងការបង់ពន្ធជាដើម។ ដូច្នេះហើយបើសិនជាយើងមិនមានបង្អែករឹងមាំ មិនមានហិរញ្ញវត្ថុច្បាស់លាស់ យើងត្រូវការចំណាយច្រើនដែលពេលវេលានេះ មិនមែនជាពេលវេលា ដែលយើងត្រូវចំណាយច្រើននោះទេ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងស្ថានភាពបែបនេះ សូមកុំអាលបើកជាក្រុមហ៊ុនដោយខ្លួនឯង កុំដាក់យីហោខ្លួនឯង ឬកុំធ្វើជាក្បាលមាន់ តែសូមធ្វើជាក្រចកជើងដំរីសិនទៅ ដែលមានន័យថាមានក្រុមហ៊ុនណាធំ សូមដើរតាមគេបណ្ដើរៗទៅ ហើយនៅពេលយើងមានបទពិសោធន៍ មានទីផ្សារហើយនោះយើងបើកខ្លួនឯងទៅ។

លោកឧកញ៉ាបន្ថែមថា ក្នុងស្ថានភាពបែបនេះ បើសិនជាយើងចង់បើកក្រុមហ៊ុន សូមទៅសិក្សាឬធ្វើការជាប្រធានផ្នែក នៅក្នុងក្រុមហ៊ុនណាមួយជាមុនសិន ពីព្រោះប្រធានផ្នែកនឹងមានបុគ្គលិក នៅក្រោមបង្គាប់របស់យើងមានក្រុមការងារបួនដប់នាក់ ហើយយើងចេញប្រតិបត្តិការរកលុយជូនក្រុមហ៊ុន បានប្រាក់ ខែបានកម្រៃជើងសារ ដោយយើងមិនចាំបាច់ចំណាយលើថ្លៃជួលការិយាល័យ ថ្លៃបង់ពន្ធ ថ្លៃទឹក ថ្លៃភ្លើងនោះឡើយ ។

លោកបញ្ជាក់ថា “ពេលយើងមានលុយគ្រប់គ្រាន់ មានកំលាំងការងារគ្រប់គ្រាន់ មានបទពិសោធន៍មានទីផ្សាររួចហើយ យើងចេញទៅបើកក្រមហ៊ុនខ្លួនឯង យើងមានអ្វីៗគ្រប់អស់ហើយ អញ្ចឹងដំណើរការក្រុមហ៊ុនយើងនឹងមិនមានបញ្ហានោះទេ ” ។

លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងដំណើរទៅមុខ វិស័យនេះនឹងអាចបញ្ជាក់ថា អ្នកណាជាអ្នកខ្លាំង ហើយអ្នកខ្លាំងនឹងទៅមុខ អ្នកណាខ្សោយនឹងត្រូវបិទទ្វារ វាមិនខុសពីការរត់ម៉ារ៉ាតុង ចំងាយ១០០គីឡូម៉ែត្រនោះទេ អ្នកណាខ្សោយនឹងត្រូវឈប់ ហើយអ្នកខ្លាំងនឹងបន្តទៅមុខរហូតដល់ទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here