សម្តេច​តេ​ជោ៖ វិមាន​ឈ្នះ ឈ្នះ តំណាង​ឲ្យ​ការ​រួច​ផុតពី​ភាពក្រីក្រ និង​រួច​ផុតពីការ​អុចអាល​ដោយ​បរទេស

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អះអាងថា សំណង់​វិមាន ឈ្នះ​ឈ្នះ​គឺ​បាន​តំណាង​ឲ្យ​កម្ពុជា​រួចផុត​ពី​ភាពក្រីក្រ​និង​រួច ផុតពី​ការ​អុចអាល​ពី​បរទេស ដូច្នេះ​ក្នុង​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ខាងមុខនេះ គប្បី​បងប្អូន​ជនរួមជាតិ​ទៅ​ចូលរួម​ឲ្យ​បាន​កុះករ។

ថ្លែង​តាមរយៈ​សង្គម​ហ្វេ​ប​សុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​លើកឡើងថា កម្ពុជា​អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ នៅលើ​ទឹកដី​សុវណ្ណ​ភូមិ។ វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

សម្តេច​បាន​ថ្លែងថា “វិមាន​ឈ្នះ ឈ្នះ​គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុតពី​សង្គ្រាម ឈ្នះ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេលនេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ។

យ៉ាងណាក៏ដោយ ខណៈ​វិមាន​ឈ្នះ​ឈ្នះ​នៅសល់តែ​មួយថ្ងៃ​ទៀត នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​ហើយ​នោះ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ។ ដោយ​សម្តេច​បាន​ថ្លែងថា សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នៅ​តំបន់​អភិវឌ្ឍ​ន៌ លី​យ៉ុង​ផាត់។

វិមាន​ឈ្នះ ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ទំហំ​ដី៨ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ចំនួន​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៩ដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៨ខាងមុខនេះ និង​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រារ​ព្ឋ​ពិធី​ខួប២០ឆ្នាំ​នៃ​ន​យ​បាយ​ឈ្នះ ឈ្នះ​ផងដែរ។ដោយ​កម្មវិធី​នេះ ក៏មាន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ប្រទេស​ចំនួន​បួន ចូលរួម​អបអរ​សារ​ទ​ដែរ​ដោយ​ថ្នាក់ដឹកនាំ​ទាំងនោះ​មាន​ប្រទេស​ចិន ថៃ ឡាវ និង​វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here