ដំណឹងល្អ! ផ្លូវក្រវាត់ក្រុងទី៣តម្លៃវិនិយោគ២៥៩លានដុល្លារនឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលខែមករានេះ

0

​ដោយវុត្ថា
ភ្នំពេញ:​ ផ្លូវក្រវាត់ក្រុងទី៣ ដែលគ្រោងចំណាយថវិកាសាងសង់សង់២៥៩លានដុល្លារអាមេរិក នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេសផ្លូវក្រវាត់ក្រុងនេះ ក៏រត់កាត់ជិតគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។ គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ។ ពោលគឺផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងការជួយសម្រួលចរាចរណ៍ ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

កិច្ចព្រមព្រៀងឥណទានសម្បទា នសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រក​បដោយបញ្ញាញាណ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រ​សាសន៍ឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងធ្វើចេញពីតំបន់អូរដឹម តាមបណ្តោយផ្លូវជាតិលេខ៤ និងបញ្ចប់នៅស្រុកកៀនស្វាយ មុននឹងឆ្លងទន្លេឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ៨ និងចុងបញ្ចប់មកភ្ជាប់គ្នានៅលើផ្លូវទំនប់កប់ស្រូវវិញ។

ជាមួយគ្នានេះ ស្ពានធំទី៣ដែលឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំបើកការដ្ឋានសាងសង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here