ដោយវុត្ថា
ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តគំរោងវិនិយោគចំនួន៤ មានទឹកប្រាក់១៧,៩២លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនចំនួន៤ដែលភាគច្រើនវិនិយោគលើសម្ភារៈធ្វើដំណើរ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់CDC ដែលPropertyarea.asiaទទួលបានកាលពីព្រឹកថ្ងៃទី៥ មករានេះបានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុន“SEES GLOBAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.១៦៦កន្លែង។
ទី២ ក្រុមហ៊ុន SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១៦កន្លែង។
ទី៣ ក្រុមហ៊ុន“CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន១.០៥៦កន្លែង។
និងទី៤-ក្រុមហ៊ុន“TECHWAVES ALLIANCE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៩៤កន្លែង៕