ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារដើម្បីសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វាព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។
នៅសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋាមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ នេះ ថាក្រុមការងារនេះ មានសមាជិក១០រូប ដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តិ និងឯកសារពាក់ព័ន្ធ ស្តីពីការសម្រេចបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពជា និងបណ្តាប្រទេសជាប់ព្រំដែន។
សេចក្តីសម្រេចនេះបានជំរុញឲ្យក្រុមការងារ ពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អំពីកិច្ចដំណើរការក្នងុការបើកច្រកទ្វារព្រំដែនដែលបានសម្រេច។ ចុះពិនិត្យ និងសិក្សាពីស្ថានភាព ជាក់ស្តែងនៃច្រកទ្វារព្រំដែននីមួយៗ ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជាំ និងបណ្តាប្រទេសជាប់ព្រំដែន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ សម្របសម្រួលពិភាក្សា និងចរចាជាមួយភាគី នៃបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។ ធ្វើរបាយការណ៍លទ្ធផលការងារ និងសុំយោបល់ដឹកនាំផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។