ដោយ វិន វិទ្យា
ភ្នំពេញ៖ មើលរូបភាពីក្រៅការងារលើអាជីវកម្មបោកអ៊ុតសម្លៀកបំពាក់ ហាក់មិនសូវធំដុំប៉ុន្មានទេ តែការពិតមុខរបរនេះអាចរកចំណូលបាន៦០០ដុល្លារក្នុងមួយខែដែរ សំរាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារតូចមួយ ហើយចំណូលនេះមិនគិតពីអាជីវកម្មមានលក្ខណៈធំនោះទេ។
លោកស្រី ឃិត សុភ័ក្ត្រ អាជីវករបោកគក់នៅក្នុងបូរីពិភពថ្មីកំបូលមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ មករានេះថា ដោយសារមិនចង់ធ្វើការឱ្យគេ ព្រោះមិនមានអ្នកមើកកូនជំនួសនៅផ្ទះ អ្នកស្រីបានសម្រេចចិត្ត បើកអាជីវកម្មបោកគក់លក្ខណៈគ្រួសារ នៅផ្ទះខ្លួនឯងផ្ទាល់កាលពីអំឡុង២ឆ្នាំមុន ហើយនៅក្នុងដំណាក់កាលដំបូងនោះ មិនទាន់មានអតិថិជនច្រើននៅឡើយទេដោយភាគច្រើន ជាអ្នកជាប់ផ្ទះភូមិផងរបងជាមួយ មកបោកគក់ជាប្រចាំពិសេសសំបូរម៉ូយនៅរៀងរាល់ថ្ងៃសៅរនិងថ្ងៃអាទិត្យ។
ទោះជាឧស្សាហកម្មរបស់លោកស្រី មិនបានទិញពាណិជ្ជសញ្ញាឬសិទ្ឋអាជីវកម្មពីក្រុមហ៊ុនណាមានស្តង់ដារក៏ដោយ ប៉ុន្តែដោយឈរលើគុណភាពបោកស្អាត ប្រើទឹកថ្នាំក្រអូបល្អ រួមទាំងតម្លៃសមរម្យមិនថ្លៃដូចហាងមាន (Franchise) ផងនោះ បានធ្វើឱ្យអតិថិជនយកសម្លៀកបំពាក់ មកបោកកាន់តែច្រើនឡើងៗ រហូតបោកសឹងមិនទាន់ឱ្យអតិថិជនទៀតផង ហើយក៏បានសម្រេចជួល ក្មេងមកជួយការងារបោកគក់បន្ថែមទៀត ទើបអាចអាចបោកទាន់ការកម្ម៉ង់ទៅតាមពេលវេលារបស់អតិថិជន។
លោកស្រីឃិត សុភក្រ បានបញ្ជាក់ថា “ការងារបោកគក់នៅផ្ទះដោយខ្លួនឯងហាក់មានការនឿយហត់បន្តិច ប៉ុន្តែទទួលបានចំណូលខ្ពស់មិនចាញ់ធ្វើការយកប្រាក់ខែ នៅតាមក្រុមហ៊ុនឬរោងចក្រកាត់ដេរ ដែលអាចរកចំណូលបានត្រឹម២០០ទៅ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ គិតទៅលើចំណាយចាយវាយប្រចាំថ្ងៃ មិនបានសល់ប្រាក់ប៉ុន្មានោះទេ។
លោកស្រីបន្តថា “ចំណែកការងារបោកគក់របស់លោកស្រីផ្ទាល់វិញ អាចរកប្រាក់បានចន្លោះពី១៥ទៅ២៥ដុល្លារក្នុងមួយថ្ងៃ ឬលើសពីនេះទៅតាមអតិថិជនទិញឬច្រើន ហើយបើគិតជាមធ្យមមួយថ្ងៃ រកបានចំណូលត្រឹម២០ដុល្លារមួយខែ ក៍អាចរកចំណូលបានប្រមាណជា៦០០ដុល្លារដែរក្នុងមួយខែ។
អ្វីដែលពិសេសនោះការបើកអាជីវប្រភេទនេះ មានទំនេរមើលការខុសត្រូវកូននៅផ្ទះ មានពេលទំនេរដាំស្លហូបចុកជាមួយក្រុមមគ្រួសារទៀតផង បើសិនធ្វើការតាមក្រុមហ៊ុនឯកជន ឬរោងចក្រកាត់ដេរវិញនោះពិតជាមិនអាចមើលកូនបាននោះទេ។
ចំណែកលោក លាង លឹមគន់ អតិថិជនបោកគក់នៅទីតាំងខាងលើបានមានប្រសាសន៍ទទួលស្គាល់ថា ដោយសារការងារក្រុមហ៊ុនរវល់ច្រើន និងហត់នឿយផងនោះបានធ្វើឱ្យគ្រួសាររបស់គាត់ មិនបោកគក់នៅផ្ទះខ្លួនឯងនោះទេ។ លោកទុកពេលថ្ងៃអាទិត្យមួយថ្ងៃដើម្បីសម្រាក ឬដើរលំហែរកាយម្តងម្កាល ដូច្នេះមានតែចំណាយប្រាក់ខ្លះៗយកសម្លៀកបំពាក់ទៅឱ្យគេបោកជំនួស។
សម្រាប់គ្រួសារលោកដែលមានកូនតូចពីរនាក់ផងនោះ ត្រូវចំណាយប្រាក់ជាង២ម៉ឺនរៀលជារៀងរាល់សប្តាហ៍ សម្រាប់ការយកសម្លៀកបំពាក់ទៅឱ្យគេបោកជំនួសនោះ។ លោកថា ចំនួនេះមិនច្រើននោះទេ សម្រាប់អ្នកមានការងារធ្វើទាំងប្តី ទាំងប្រពន្ឋដូច្នេះមានតែចំណាយប្រាក់ខ្លះៗ យកខោអាវទៅឱ្យគេបោក ដើម្បីទុកពេលសម្រាកពីការងារឱ្យបានពេញមួយថ្ងៃ ទុកកម្លាំងចូលធ្វើការសប្តាហ៍បន្តទៀត៕