ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការផ្គត់ផ្គង់ការិយាល័យថ្មី( New Office Space ) នៅក្នុងឆ្នាំ២០២៣នេះ រំពឹងថានឹងកើនឡើងបន្តទៀត ដោយក្នុងឆ្នាំ ២០២៣នេះ ការិយាល័យថ្មីនឹងឡើង ប្រមាណ២០៣ពាន់ម៉ែត្រការ៉េបន្ថែមទៀត។
កំណើននៃការផ្គត់ផ្គង់នេះ បានធ្វើឱ្យការផ្គត់ផ្គត់ការិយាល័យសរុបមានប្រមាណ១,១៥លានម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្នុងរបាយការណ៍បង្ហាញថា ក្នុងរយៈពេល១ត្រីមាសនៃឆ្នាំ២០២៣ ការិយាល័យថ្មីប្រមាណ៦ម៉ឺន១ពាន់ម៉ែត្រការ៉េ បានសម្រេចការសាងសង់ ហើយដាក់ចូលក្នុងទីផ្សារការិយាល័យ ។ ការិយាល័យទាំង៦ម៉ឺន១ពាន់ម៉ែត្រការ៉េ បានមកពីការផ្គត់ផ្គង់នៃអគារចំនួន៤ ។ តម្លៃនៃការជួលការិយាល័យ នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ មានការកើនឡើងតិចតួច ធៀបនឹងត្រីមាសមុននេះ ។
របាយការណ៍បន្តថា ការជួលការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មនិងតំបន់មិនមែនពាណិជ្ជកម្ម មានការកើនឡើងចន្លោះពី១ទៅ៥ភាគរយ ដែលអាចនិយាយថាមិនមានការប្រែប្រួលប៉ុន្មានទេ ធៀបនឹងត្រីទី៤ឆ្នាំ ២០២២ ។
តាមរយៈកំណើននេះ អាចសបញ្ជាក់ថា ទីផ្សារមិនទាន់មានសញ្ញានៃការកើនឡើង ធៀបនឹងឆ្នាំ២០២២ ។ យ៉ាងណានៅក្នុងដំណាច់ឆ្នាំ២០២៣នេះ រំពឹងថាអាចនឹងល្អប្រសើរឡើងវិញ ។
បើតាមលោកខេន ឡូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coldwell Banker Cambodia បានលើកឡើងថា កំណើនអាជីវកម្មថ្មីៗ និងការហូរចូលនៃវិនិយោគិនបរទេស មកកាន់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យតម្រូវការការិយាល័យស្តង់ដារនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ មានការកើនឡើង ។ដូច្នេះហើយទើបមានការអភិវឌ្ឍអគារការិយាល័យ នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
លោកបន្តថា ពីមុនការជួលការិយាល័យក្រុមហ៊ុននានា ធ្វើឡើងដោយការជួលផ្ទះល្វែង ឬផ្ទះវីឡា តែក្រោយមកពោលគឺបន្ទាប់ពីមានការហូរចូលនៃវិនិយោគិនបរទេស ក៏ឃើញតម្រូវការជួលការិយាល័យស្តង់ដារក៏កាន់តែច្រើន ទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍ត្រូវអភិវឌ្ឍការិយាល័យបំពេញទៅនឹងទីផ្សារបច្ចុប្បន្ន។
លោកបានបន្តថា ”មកដល់ពេលនេះ ការជួលផ្ទះល្វែងនិងផ្ទះវីឡា ធ្វើជាការិយាល័យនោះ មានកាន់តែតិចទៅៗ ដោយជំនួសមកវិញនូវការិយាល័យស្តង់ដារ ដែលមានបន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ និងកន្លែងសម្រាកជាដើម ” ។
លោកខេន ឡូក៏បានបញ្ជាក់ផងដែរថា នៅក្រោយវិបត្តិកូវីដ១៩នេះ ទីផ្សារជួលអចលនទ្រព្យប្រភេទអាជីវកម្ម ក៏ចាប់ផ្ដើមមានកំណើនសកម្មភាពឡើងវិញបន្តិចផងដែរ ធៀបនឹងអំឡុងពេលនៃវិបត្តិកូវីដ១៩ ៕