ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលចិនប្រកាសផ្តល់ជំនួយឥតសំណង៤ពាន់លានយ័ន ស្មើរ នឹង ៦០០លានដុល្លារដល់កម្ពុជា និងទិញអង្ករ៤០ ម៉ឺនតោក្នុងមួយឆ្នាំ ដើម្បីជួយសម្រួលដល់ជីវភាពកសិករកម្ពុជាខណៈសហភាពអឺរ៉ុបសម្រេចយកពន្ធនាំចូលអង្ករកម្ពុជា។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង ឪ្យដឹងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកាលពីថ្ងៃ២១ ខែមករាម្ម្សិលមិញនៅក្នុងទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិនថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ស្មើរ នឹង ៦០០លានដុល្លារ សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងកម្ពុជា គឺពិតជាមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃ ប្រទេសទាំងពីរ មានលក្ខណៈសំខាន់បំផុត។លោកបន្តថា លក្ខណៈពិសេសគឺទំនាក់ទំនងរវាង សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន និងចាត់ទុកបានឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត។
លោកប្រធានាធិបតីបន្តទៀតថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន និងស្វាគមន៍ ជូនចំពោះសម្តេចដែលនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិនក្នុងពេលខាងមុខ។
លោកប្រធានធិបតី បន្តថា បច្ចុប្បន្ននេះ បើទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោកប្រធានាធិបតី មានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានការរីករាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចក៏បានថ្លែង នូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង ទៅកាន់ប្រទេសចិន ក្នុងការពិនិត្យព្រះរាជសុខភាព និងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
សម្តេចតេជោក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះទី១ សម្តេចតេជោបានជំរាបជូន លោកប្រធានាធិបតីអំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេស ការក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចតេជោក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួប ពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើជូនឯកឧត្តមប្រធានាធិបតី ក្នុងការជំរុញ អ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ដែលជាទំនាក់ទំនងមានលក្ខណៈប្រពៃណី ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ គឺបន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចតេ ជោបានស្នើឲ្យបន្តយន្តការទ្វេភាគីកាន់តែរឹងមាំ ជាមួយគ្នានេះសម្តេចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ លើកទី២ នៅចុងខែមេសា ឆ្នាំ២០១៩។
សម្តេចតេជោក៏បាន ស្នើថា ឆ្នាំ២០១៩គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេស ចរណ៍នៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានស្នើដល់លោកប្រធានាធិបតី គឺធ្វើយ៉ាងណាឲ្យ ប្រទេសទាំងពីរអាចមាននូវ កិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះដោយសារប្រទេសទាំងពីរមាន ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រួចមកហើយតាំងពីរឆ្នាំ២០១០មកនោះ។
ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងលោកប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕