ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងអំឡុងមុនវិបត្តិកូវីដ១៩ ទីផ្សារដីឡូត៏នៅកម្ពុជាហាក់មានសន្ទុះងើបឡើងខ្លាំង ដោយមុនដំបូងការអភិវឌ្ឍដីឡូត៏ ត្រូវបានធ្វើឡើង នៅតំបន់ជាយៗរាជធានីភ្នំពេញ ឬបណ្ដាខេត្តជាប់នឹងរាជធានីភ្នំពេញ។
ក្រោយៗមកទីផ្សារដីឡូត៏ ក៏បានសាយភាយទៅកាន់បណ្ដាខេត្តឆ្ងាយៗរហូតដល់ខេត្តត្បូងឃ្មុំកំពង់ចាម កំពតកែប ជាដើម។
យ៉ាងណាក្ដីទីផ្សារដីឡូត៏ ក៏ចាប់ផ្ដើមជួបប្រទះនឹងបញ្ហាប្រឈម ចាប់តាំងពីវិបត្តិកូវីដ១៩ ចូលមកយារយីសេដ្ឋកិច្ចកម្ពុជា អតិថិជនគោលដៅទិញដីឡូត៏ ក៏បាត់បង់ប្រាក់ចំណូល ឬក៏ប្រាក់ចំណូលថយចុះធ្វើឱ្យការលក់ដីឡូត៏ចាប់ផ្ដើមថមថយ ហើយអ្នកអភិវឌ្ឍន៍ដីឡូត៏ក៏ឃើញថាចាប់ផ្ដើជួបប្រទះនឹងបញ្ហា ជាពិសេសអ្នកដែលយកប្រភពទុនផ្សេងមកប្រើនិងត្រូវបង្វិលជូនវិញ។
ម្យ៉ាងវិញទៀត អ្នកលក់ដីឡូត៏មួយចំនួន ដើម្បីតែប្រាក់កម្រៃជើងសារ សុខចិត្តឃោសនាផ្សព្វផ្សាយគម្រោងដីឡូត៏ លើសពីការពិត ហើយបញ្ចុះបញ្ចូលអ្នកទិញ ដោយនិយាយថាគម្រោងរបស់ខ្លួនទិញតែមួយឆ្នាំ នឹងទទួលបានប្រាក់ចំណេញមកវិញ គុណជាពីរជាដើម តែធាតុពិតកុំថាឡើយចំណេញ តែលក់យកថ្លៃដើមវិញក៏មិនមានអ្នកទិញផង ។
មានក្រុមហ៊ុនខ្លះទៀត បានយកលុយពីអតិថិជន មុននឹងគម្រោងរបស់ខ្លួនអភិវឌ្ឍន៍ទៅទៀត ហើយក៏យកលុយទៅប្រើប្រាស់ខុសគោលការណ៍ ដោយរំពឹងថាពេលលក់ដីឡូត៏នោះ បានពេលណានឹងបង្វិលសងទៅកាន់អតិថិជនវិញ ជាក់ស្ដែងឧកញ៉ាជា សារ៉នគ្រុបដែលពលរដ្ឋ ប្រមាណជាង២៤០០គ្រួសារ បានប្តឹងអភិបាលខេត្តកំពតរកដំណោះស្រាយ ដោយសារតែលោកឧកញ៉ារូបនេះ បានដាក់ទុនហួសមាឌ ក្នុងពេលស្ថានភាពកូវីដ១៩ មិនទាន់បានប្រសើរនៅឡើយ ។
លោកឧកញ៉ាជា សារ៉ន បាននិយាយនៅមុខពលរដ្ឋជាជនរងគ្រោះថា ខ្លួនឡុងចុងអស់ដើមទុនបែបនេះ ដោយសារតែកាលពីអំឡុងដើមឆ្នាំ២០២២ ស្របនឹងរដ្ឋាភិបាលបើកប្រទេសវិញ ហើយគិតថា កូវីដ១៩វាលែងអីហើយ សេដ្ឋកិច្ចនឹងប្រសើរវិញហើយ។
មើលឃើញស្ថានភាពបែបនេះ លោកក៏បានយកលុយរាប់សិបលានដុល្លារមកសង់ការិយាល័យ ពង្រីកគម្រោងបន្ថែម ប៉ុន្តែកូវីដ១៩ ក៏បន្តរាលដាល ហើយគាប់ជួននឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងទៀត គម្រោងដែលបានអភិវឌ្ឍន៍ លក់មិនចេញទាំងខុនដូ ទាំងដីឡូត៏ អត់មានអ្នកទិញ បង្កឱ្យមានការចលាចល ដល់ពលរដ្ឋដែលបានដាក់ទុនវិនិយោគជាមួយលោក។
តាមរយៈបទពិសោធន៍បស់លោកឧកញ៉ា ជាសារ៉ន ជាគំរូមួយសម្រាប់វិនិយោគិន មុនបណ្ដាក់ទុនវិនិយោគ ត្រូវចេះថ្លឹងថ្លែងនិងតាមដានពីសេដ្ឋកិច្ច ឱ្យបានច្បាស់លាស់ ជៀសវាងមានហានិភ័យដូចដែលបានកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។
មិនមែនមានតែលោកឧកញ៉ារូបនេះ មួយប៉ុណ្ណោះទេ តែក៏មានអ្នករកស៊ីពុះដីឡូត៏ជាច្រើនទៀត បានប្រមូលលុយពីអតិថិជនហើយ តែរកដី ពិតប្រាកដឱ្យអតិថជិនមិនបាន ពីព្រោះតែក្រុមហ៊ុនទិញដីហើយ តែមិនបានប្រគល់ដីឱ្យទៅម្ចាស់ដើម ទើបម្ចាស់ដើមមិនអនុញ្ញាតឱ្យប្លង់កម្មសិទ្ធិ សម្រាប់ពុះបំបែកក្បាលដីជាដើម។
ការណ៍នេះ ក៏បាននាំឱ្យមានបញ្ហាជម្លោះ រវាងក្រុមហ៊ុនអភិវឌ្ឍន៍និងអតិថិជន ហើយក៏វាមានច្រើនករណីផងដែរ៕