តើហេតុអ្វីបានជាការអភិវឌ្ឍសំណង់នៅលើកោះត្រូវចំណាយទុនខ្ពស់ជាងដល់ទៅ៣ដងនៃការអភិវឌ្ឍនៅលើដីគោក

0

ភ្នំពេញ ៖ បច្ចុប្បន្ននេះ វិនិយោគិនក្នុងនិងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍និងវិនិយោគនៅតំបន់កោះជាហូរហែរដែលធ្វើឱ្យបណ្ដាកោះនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ ។យ៉ាងណាក្ដីការអភិវឌ្ឍសំណង់នានានៅលើកោះត្រូវចំណាយទុនខ្ពស់រហូតដល់៣ដងនៃការអភិវឌ្ឍនៅលើដីគោក ។

លោក Ateeb Shrestha អ្នកគ្រប់គ្រងទូទៅនៃរីសតកោះក្របី នៅក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចំណាយលើការសាងសង់សំណង់នានា ដូចជាបន្ទប់ស្នាក់នៅ វីឡានិងសំណង់នានា ត្រូវការចំណាយលុយច្រើនជាងការអភិវឌ្ឍនៅតំបន់ដីគោក ។ លោកថា”មុននឹងយើងទទួលបានសមិទ្ធផលសំណ់ងវីឡា រីសតនេះ គឺយើងត្រូវការដឹកជញ្ជូនសម្ភារៈមកកាន់កំពង់ផែ រួចហើយត្រូវដឹកតាមទូកម្ដងបន្តិចៗមកកាន់ដីកោះ ហើយដូចយើងដឹងហើយការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែមកកាន់កោះ គឺត្រូវចំណាយលុយច្រើន ” ។

លោកបន្តថា ការអភិវឌ្ឍនៅលើដីកោះត្រូវការពេលវេលា គឺត្រូវធ្វើម្ដងបន្តិចៗ មិនមែនដូចការអភិវឌ្ឍនៅលើដីគោកនោះទេ ហើយការថែទាំក៏ត្រូវចំណាយច្រើនជាងការថែទាំសំណង់នៅដីគោកដូចគ្នាដែរ ។
បើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា បើសិនជាយើងអភិវឌ្ឍន៍សំណង់មួយឬក៏វីឡាមួយនៅលើដីកោះ យើងអាចយកលុយនោះទៅអភិវឌ្ឍន៍ដីគោកបានដល់ទៅ៣ឯណោះ ដូច្នេះហើយ ការអភិវឌ្ឍនៅលើកោះត្រូវចំណាយទុន៣ដងនៃ ទុននៅលើដីគោក ។

លោកបន្តថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសនិងក្នុងស្រុកជាច្រើន ចាប់អារម្មណ៍តំបន់កោះនៅក្នុងខេត្តព្រះសីហនុ ហើយបានអភិវឌ្ឍកោះនានាក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយបច្ចុប្បន្នក្នុងចំណោមកោះទាំងអស់ក្នុងខេត្តព្រះសីហនុត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍អនុម័តឱ្យធ្វើការវិនិយោគប្រមាណ៧០ភាគរយទៅហើយ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានមានប្រសាសន៍ថា ទេសចរណ៍តំបន់កោះឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះការអភិវឌ្ឍតំបន់កោះក៏បានជួយលើកស្ទួយវិស័យទេសចរណ៍និងជាផលិតផលទេសចរណ៍បន្ថែមសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ថ្វីត្បិតតែការស្នាក់នៅនិងការចំណាយនៅលើកោះមានតម្លៃខ្ពស់ជាងនៅលើគោកក៏ពិតមែន តែ ក៏មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនដែលមានលទ្ធភាពបានទៅសម្រាកនិងកម្សាន្តនៅតំបន់កោះជាច្រើនផងដែរ ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here