ដោយៈ សុខុម
វៀងចន្ទន៍: ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines បានបន្តសេវាកម្មហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងឆាងសា (Changsha) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន ឡើងវិញកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីបានផ្អាកយ៉ាងយូរ ដោយសារការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់កូវីដ-១៩។
យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែឧសភា ឱ្យដឹងថា ជើងហោះហើរពីរដ្ឋធានីវៀងចន្ទន៍ ទៅកាន់ទីក្រុងឆាងសា គ្រោងនឹងហោះហើរ២ដង ក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ដោយសារកំណើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរក្នុងមុខជំនួញនៅទូទាំងតំបន់។អាជ្ញាធរជឿជាក់ថា ការតភ្ជាប់ផ្លូវហោះហើរបន្ថែមទៀត រវាងប្រទេសឡាវ និងប្រទេសចិន ក៏នឹងជំរុញពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទូទៅរវាងប្រទេសទាំងពីរផងដែរ។
លោក Noudeng Chanthaphasouk ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រាប់កាសែត Vientiane Times កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ជើងហោះហើរ ក្រុងវៀងចន្ទន៍-ក្រុងឆាងសា មានតម្រូវការខ្ពស់មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយភ្ញៀវទេសចរ និងអាជីវកម្មជាច្រើន បានប្រើប្រាស់ជើងហោះហើរនេះ។
លោកបន្តថា សូម្បីនៅពេលនេះ ទោះជាសំបុត្រយន្តហោះត្រូវបានដាក់លក់ត្រឹមតែ២ថ្ងៃ មុនការហោះហើរលើកដំបូងក៏ដោយ ក៏មានអ្នកដំណើរកក់រហូតដល់ទៅ៨០%។
លោកក៏បានលើកឡើងដែរថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ទទួលបានមតិត្រលប់ជាវិជ្ជមាន ពីទីផ្សារប្រទេសចិន ហើយគ្រោងនឹងបន្ថែមជើងហោះហើរ ទៅកាន់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបន្ថែមទៀត ដើម្បីជួយជំរុញវិស័យទេសចរណ៍ និងសម្រួលដល់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។
ការធ្វើបែបនេះ នឹងមិនត្រឹមតែជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងប្រទេសឡាវ មានភាពរស់រវើកឡើងវិញប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់របស់ប្រទេសនេះ ជាមួយនឹងតំបន់កាន់តែទូលំទូលាយ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនផងដែរ។
ក្រៅពីទីក្រុងឆាងសា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ដំណើរការជើងហោះហើរទៅកាន់ទីក្រុងគុនមីង (Kunming) និងគ័ងចូវ ឬ ក្វាងចូវ (Changzhou) ក្នុងប្រទេសចិន ហើយក៏មានគម្រោងចាប់ផ្តើមសេវាកម្មរបស់ខ្លួន លើផ្លូវហោះហើរជាច្រើនទៀត ដូចជា ពីក្រុងវៀងច័ន្ទ ទៅកាន់ទីក្រុងសៀងហៃ ក្រុងឈឹងទូ (Chengdu) ក្រុងឆាងចូវ (Changzhou) និងក្រុងហាងចូវ (Hangzhou) ផងដែរ៕ Laotian Times៕