ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្រសួងទេសចរណ៍នៃកម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកូរ៉េ បានដឹកនាំផ្នែកឯកជនជាង១០ក្រុមហ៊ុនចូលរួមពិពរ័ណ៍ទេសចរណ៍អន្តរជាតិ Seoul International Travel Fair 2023 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ការចូលរួមក្នុងពិព៌ណនេះ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា “កីឡារស់ក្នុងសន្តិភាព”។
តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅ ទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”ដោយផ្ដោតសំខាន់ទៅលើកីឡា និងMICE ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ ដោយមានការចូលរួម ពីសំណាក់ប្រតិបត្តិករផ្នែកទេសចរណ៍កូរ៉េ អ្នកលក់ អ្នកទិញ អ្នកសារពត៌មានជាតិ និងអន្តរជាតិកូរ៉េ ប្រមាណ៥០០ក្រុមហ៊ុន មកពីបណ្តាប្រទេសក្នុងពិភពលោក។
កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធី Cambodian Tourism Roadshow ដោយមានការចូលរួមពីប្រតិបត្តិករកម្ពុជាជាង១០ក្រុមហ៊ុន និងប្រតិបត្តិករទេសចរកូរ៉េជាង១០០ក្រុមហ៊ុន។ដោយឡែកនាព្រឹកថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីបើកក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ Seoul International Travel Fair ។
នាថ្ងៃដដែល លោកជំទាវ រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងពិធី Cambodian Tourism Roadshow ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោកជំទាវ ជ្រឹង បុទុមរង្សីយ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និង ឯកឧត្តម KIM HAE-YONG អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងលោក KIM MYOUNG CHUL ស្ថានតំណាងទេសចរណ៍កម្ពុជា ប្រចាំប្រទេសកូរ៉េ។
យោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េ មានចំនួន៦៤,០៤០នាក់ មានការកើនឡើង៩៥៤.៣% បើធៀបនឹងឆ្នាំ២០២១។
ដោយឡែកត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ៥២,៥៧៨នាក់ មានការកើនឡើង១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជា កំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថា នឹងទទួលបានទេសចរកូរ៉េប្រមាណ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣នេះ៕