កម្ពុជា-វៀតណាមសិក្សាលទ្ឋភាពហោះហើរត្រង់រវាងកោះត្រល់និងខេត្តសៀមរាប និងតភ្ជាប់កំពង់ផែទេសចរណ៍

0

  ដោយៈ ហ្វីអូណា

ភ្នំពេញៈ កម្ពុជា-វៀតណាមបានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) ដើម្បីរួមគ្នាជំរុញទេសចរណ៍ ឆ្ពោះការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩។

កិច្ចចុះអនុស្សរណៈនេះ ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានចុះហត្ថលេខា ដោយលោកថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោកង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ ស្របពេលនឹងការធ្វើការជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ការចុះអនុស្សរណៈយោគយល់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាងលោកថោង ខុន និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យនិងបច្ចុប្បន្នភាព អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។

ក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នៅពេលមុន និងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍ នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ នៃជំងឺរាតត្បាតសកលនេះ មកលើវិស័យទេសចរណ៍។

ភាគីវៀតណាមបានអបអរសាទរ ដល់ភាគីកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូន និងភាពអស្ចារ្យ ជាពិសេសការរៀបចំភ្លើងនៅក្នុងពិធីបើក។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍ រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារដូចជា

ទី១. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅមួយ” សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

ទី២ បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ ដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍ នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសច​រណ៍អន្តរជាតិនានា ដែលអាចមានឱកាសរៀបចំបាន។

ទី៣ ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់ នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។

ទី៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។

លោករដ្ឋមន្ត្រីទាំងបានឯកភាពគ្នាសិក្សា ពីលទ្ធភាពក្នុងបើកហោះហើរត្រង់ រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាមជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពត ទៅកំពង់ផែទេសចរណ៍ ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ ក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើអនុស្សរណៈយោគយល់ថ្មីខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here