ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាគ្រោងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។
សម្តេចតេជោបានមានប្រសាសន៍បែបនេះនៅក្នុងឱកាសជំនួបពិភាក្សាការងារទ្វេរភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh)នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ក្នុងជំនួបនេះផងដែរ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ ខណៈសម្តេចតេជោក៏បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
ទោះយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាគ្រោងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមភាគខាងត្បូងតំបន់កាម៉ៅ ដើម្បីបន្តអូសឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះឱ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកក៏បានទទួលនូវព័ត៌មាននេះ ហើយលោកបញ្ជាក់ថា វៀតណាមនឹងបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនឱ្យពិនិត្យទៅលើកិច្ចការនេះផងដែរ៕