ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែដឹកទំនិញ (កំពង់ផែសេះស) ដែលវិនិយោគដោយវិស័យឯកជននោះ រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៦០ -៧០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ ការសាងសង់ទាំងស្រុងនៅពេលឆាប់ៗនេះ។
លោកសោម ពិសិដ្ឋាបថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ស្ដីពី”ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប”។លោកបានអះអាងថា ទន្ទឹងនឹងកំពង់ផែសេះស ដែលកំពុងដំណើរការសាងសង់នេះ ក៏មានកំពង់ផែថ្មីមួយទៀត ក៏កំពុងស្នើសុំធ្វើការវិនិយោគដោយវិស័យឯកជនផងដែរ។
អភិបាលខេត្តកែបបានបញ្ជាក់ថា កំពង់ផែសេះស យើងបានសាងសង់ប្រមាណ៦០ ទៅ៧០ភាគរយហើយ នៅសល់បន្ដនឹងបញ្ចប់១០០ភាគរយ នៅពេលឆាប់ខាងមុខ។ ទន្ទឹមនឹងផែដែលកំពុងដំណើរការកសាង កំពង់ផែមួយទៀតកំពុងស្នើ សុំវិនិយោគដីសាធារណៈរបស់រដ្ឋផងដែរ ក្នុងការកសាងកំពង់ផែដឹកទំនិញមួយទៀត”។
បើតាមលោក សោម ពិសិដ្ឋ ទំហំនៃការវិនិយោគកំពង់ផែថ្មីបន្ថែមមួយទៀតនេះ មានតម្លៃប្រហែលជាង១លានដុល្លារ។ក្នុងនាមរដ្ឋបាលខេត្ដ លោកបានអះអាងថា នឹងខិតខំគៀរគរអ្នកវិនិយោគពិតប្រាកដ ដើម្បីឲ្យចរន្ដនៃការផ្លាស់ប្ដូរទំនិញផ្លូវទឹក ឲ្យបានល្អប្រសើរជាងមុន ជៀសវាងការប្រើប្រាស់ផ្លូវគោក ដែលអាចមានផលប៉ះពាល់ច្រើន។
ទីតាំងសាងសង់កំពង់ផែសេះស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅលើផ្ទៃដី៨ហិកតា។ គម្រោងនេះស្ថិតក្នុងគម្រោងសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល១៥ឆ្នាំ វិនិយោគដោយវិស័យឯកជន។ កំពង់ផែនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តកែប និងកំពត ពិសេសដឹកវត្ថុធាតុដើមបម្រើឲ្យរោងចក្រនានានៅក្នុងខេត្តកំពត។
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងនេះត្រូវចំណាយទុនវិនិយោគជិត២លានដុល្លារ ហើយអនុញ្ញាតឲ្យរំលស់ទុនមកវិញ តាមរយៈការធ្វើអាជីវកម្មភាស៊ីចំណតជលយាន (កំពង់ផែសេះស) ក្នុងរយៈពេល១៥ឆ្នាំចប់ នឹងបន្ត១៥ឆ្នាំទៀត គិតចាប់ពីចំណតជលយាន បានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២៣។ទាក់ទិនគម្រោងសាងសង់ជាក់ស្ដែង តំណាងលោកអ៊ឹង កូវហៃ ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ បានមានប្រសាសន៍ថា ជាការពិតគម្រោងសាងសង់កំពង់ផែសេះសនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣នេះ ប៉ុន្ដែគម្រោងទាំងមូលត្រូវបានពន្យាពេល ដោយសារឧបសគ្គមួយចំនួន ដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិសេដ្ឋកិច្ចសកល និងកត្តាធម្មជាតិ ដោយសារភ្លៀងធ្លាក់ប៉ះពាល់ ដល់ដំណើរការសាងសង់។
តំណាងក្រុមហ៊ុនវិនិយោគកំពង់ផែសេះស បានបន្ដទៀតថា ដោយសារផលប៉ះពាល់មួយចំនួននោះ ការសាងសង់ដែលត្រូវបញ្ចប់ទាំងស្រុងនោះ នឹងត្រូវពន្យាពេលទៅដល់អំឡុងឆ្នាំ២០២៤ ខណៈបច្ចុប្បន្នសំណង់ភាគច្រើន ត្រូវបានសាងសង់រួចរាល់។
សំណង់កំពង់ផែសេះស ដែលបានសាងសង់រួចនោះ រួមមាន៖ ការឈូសឆាយសម្អាតការដ្ឋាន ចាក់បំពេញទីលានកំពង់ផែ សាងសង់ផែបេតុង ជញ្ជាំងទប់ដី គ្រឹះ ផ្លូវទឹក អគារស្នាក់ការជាដើម៕