គំរោងសាងសង់អាគារអន្តរជាតិនៅច្រកស្ទឹងបត់ ណងអៀនសម្រេចបានជាង៨៤ភាគរយហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននិងប្រតិភូស្ថានទូតជប៉ុន បានចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥។គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ គម្រោងនេះសម្រេ​ចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ។

ដំណើរចុះពិនិត្យនេះ ដឹកនាំដោយលោកនូ វឌ្ឍន: អនុរដ្ឋលេខា​ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ -បាណងអៀន បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ដឹកនាំដោយលោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្ត្រី នគរបាលអន្តោប្រវេសន៍ច្រក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ឋផងដែរ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់នូវការចែករំលែកព័ត៌មានគម្រោង វឌ្ឍនភាពគម្រោង និងការចុះពិនិត្យផ្ទាល់ដល់ទីតាំងគោលដៅមួយចំនួនដូចជា អគារច្រកត្រួតពិនិត្យ (Terminal Building) ប៉ុស្តិ៍ត្រួតពិនិត្យចេញ-ចូល (Arrival & Departure Booth Check) និងទីតាំងស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។

គម្រោងនេះ មានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់ -បាណងអៀន។

គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងនេះសម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here