អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនឹងជួយជំរុញដល់វិស័យទេសចរណ៍របស់កម្ពុជា

0

ដោយ: គង់ លាងហួរ

សៀមរាប: អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានសមត្ថភាពអាច ផ្ទុកអ្នកដំណើរបាន១០លាននាក់ នៅឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការស្វាគមន៍ ជើងហោះហើរនៅខែតុលាខាងមុខនេះ។

ព្រលាន​យន្តហោះ​តម្លៃ៨៨០​លាន​ដុល្លារ ដែល​មាន​ចម្ងាយ​ប្រមាណ៥០​គីឡូម៉ែត្រ ​ពី​កណ្តាល​ក្រុង​សៀមរាប ស្ថិតក្នុង​ស្រុក​សូទ្រ និគម ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ Angkor International Airport Investment។

យោងតាមលោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសច​រណ៍បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបថ្មីនេះ គឺជាប្រភេទ 4E ដែលអាចផ្ទុកយន្តហោះដឹកអ្នកដំណើរបានទាំងអស់។

ព្រលានយន្តហោះនេះ លាតសន្ធឹងលើផ្ទៃដីទំហំ១.៧០០ហិកតា និងមានច្រកទ្វារអ្នកដំណើរចំនួន៣៨ ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ សម្រាប់ការពារសុវត្ថិភាពជូនដល់អ្នកដំណើរ។

ទីតាំងរបស់អាកាសយានដ្ឋានថ្មី ដែលមានចម្ងាយឆ្ងាយពីប្រា​សាទអង្គរវត្តមួយនេះ ត្រូវបានជ្រើសរើសឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញមកពីព្រលានយន្តហោះ ទៅលើរចនាសម្ព័ន្ធចាស់។

មុនពេលផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ អាកាសយានដ្ឋានចាស់ដែលមានស្រាប់ បានទទួលភ្ញៀវអន្តរជាតិចំនួន១,៧លាននាក់ក្នុងឆ្នាំ២០១៩ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ បានរហូតដល់២លាននាក់។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា អាកាសយានដ្ឋាន​សៀមរាប​ថ្មី​នេះ នឹង​អាច​ធ្វើឱ្យមាន​ការ​តភ្ជាប់​ផ្លូវអាកាសកាន់​តែ​ច្រើន​បន្ថែមទៀត ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់។

លោកស្រី​បាន​ព្យាករណ៍​ថា​ “ការ​អភិវឌ្ឍ​តំបន់​ជុំវិញ​ព្រលាន​យន្តហោះនឹងមានការរីកចម្រើន ដូចជាការ​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ”។លោកស្រីបន្តថា “ លើ​សពីនេះ ឱកាសការងារក៏នឹងកើនឡើងក្នុងខេត្តសៀមរាប និងតំបន់ជិតៗនោះ ដែលអាចជួយជំរុញដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ”។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា អាកាសយានដ្ឋានថ្មីនេះនឹងអាចគ្រប់គ្រងយន្តហោះធំៗជាងមុន ផ្ទុកអ្នកដំណើរបានកាន់តែច្រើន និងមានសេវាកម្មសម្រាប់ផ្គត់ផ្គង់ដល់អ្នកដំណើរក្នុងពេលពួកគេរង់ចាំឡើងលើយន្តហោះ។

លើកឡើងស្រដៀងគ្នានេះ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា(PATA) Cambodia Chapter បានមានប្រសាសន៍ថា “ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក នោះវាអាចបង្កើនចំនួនជើងហោះហើរជាមួយនឹងការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត”។

លោកបានបន្ថែមថា “ប្រសិនបើអាកាសយានដ្ឋានថ្មីនេះ អាចនាំមកនូវការតភ្ជាប់ផ្លូវអាកាសកាន់តែច្រើន ទៅកាន់ខេត្តសៀមរាប លោកជឿជាក់ថា វានឹងនាំវិស័យទេសចរណ៍របស់កម្ពុជា ឆ្ពោះទៅកាន់កម្រិតបន្ទាប់ ក៏ដូចជាការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here