ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យបរធនបាលកិច្ច កំពុងក្លាយជាយានជំនិះថ្មី ដែលនាំលំហូរវិនិយោគពីបរទេស ចូលមកកាន់ក្នុងប្រទេសកម្ពុជា។
គំនិតនេះគឺមានភាពថ្មីស្រឡាងនៅកម្ពុជា ប៉ុន្តែវាបានបង្កើតការចាប់អារម្មណ៍ជាច្រើនក្នុងរយៈពេលដ៏ខ្លី ដែលក្រុមហ៊ុនជិត៥០០ក្រុមហ៊ុនបានតម្រង់ជួរចុះឈ្មោះ ជាមួយនឹងមូលនិធិជាង៣០០លានដុល្លារនៅក្នុងដៃរបស់ពួកគេ។
យោងតាមលោក សុខ ដារ៉ា អគ្គនាយកនៃនិយតករបរធនបាលកិច្ច (TR) បានឱ្យដឹងថា មូលនិធិវិនិយោគអាចកើនឡើងរហូតដល់៦០០លានដុល្លារ នៅចុងឆ្នាំ២០២៣នេះ ដោយសំអាងទៅលើភាពអំណោយផល ដែលច្បាប់បរធនបាលកិច្ចថ្មី បានបង្កើតឡើងនៅលើទីផ្សារ។
ជនបរទេសកាន់តែច្រើនឡើង បានចាប់ផ្តើមងាកមករកផ្លូវបរធនបាលកិច្ច ដើម្បីបណ្តាក់ទុនលើដីធ្លីនៅកម្ពុជា ដោយសារពួកគេត្រូវបានរារាំងមិនឱ្យទិញដី ដោយផ្ទាល់នៅកម្ពុជាបានឡើយ។
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបានអនុម័តក្នុងឆ្នាំ១៩៩៣បានចែងថា ជនបរទេសមិនអាចកាន់កាប់ដីធ្លី នៅក្នុងប្រទេសបានទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យទិញអាផាតម៉ិន ឬខុនដូចាប់ពីជាន់ទីមួយឡើងទៅ។
ទោះជាយ៉ាងនេះក្តីច្បាប់ស្តីពី បរធនបាលកិច្ចដែលបានអនុម័តនៅឆ្នាំ២០១៩ ផ្តល់ឱកាសឱ្យជនបរទេស មកបណ្តាក់ទុនលើដីក្នុងប្រទេសកម្ពុជាដោយប្រយោល។
លោក ឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន បានមានប្រសាសន៍ថា “ឥឡូវនេះ ជនបរទេសអាចរកប្រាក់ចំណេញពីការហក់ឡើងថ្លៃដី ដោយមិនចាំបាច់ទិញដី តាមរយៈឈ្មោះរបស់ខ្លួន ហើយជនបរទេសក៏អាចធ្វើដូច្នេះបាន ដោយមិនចាំបាច់បោះបង់សញ្ជាតិ ឬដោយគ្មានការទទួលបានសញ្ជាតិខ្មែរឡើយ”។
បើយោងតាមលោក សុខ ដារ៉ា បានឱ្យដឹងទៀតថា ដើម្បីធ្វើអាជីវកម្មបរធនបាល និងប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនទាំងអស់ក៏ត្រូវមានអាជ្ញាប័ណ្ណពីនិយតករផងដែរ។
ថ្មីៗកន្លងទៅនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានការអនុញ្ញាត ពីនិយ័តករបរធនបាលកិច្ច ក្នុងការធ្វើជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។
លើសពីនេះ ក៏មានធនាគារពាណិជ្ជមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណរួចរាល់ ដើម្បីផ្តល់សេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពផងដែរ ហើយមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំធ្វើជាក្រុមហ៊ុនបរធនបាលកិច្ច។
គោលបំណងរបស់រដ្ឋាភិបាល គឺបង្កើតទីផ្សារបរធនបាលដែលមានការអភិវឌ្ឍន៍យ៉ាងពេញលេញ នៅក្នុងប្រទេសដែលអាចទាក់ទាញការវិនិយោគពីបរទេសបានដោយសេរី។
ថ្លែងក្នុងពេលចូលរួមសិក្ខាសាលាស្តីពី ច្បាប់ស្តីពីបរធនបាលនាពេលថ្មីៗនេះ លោក សុខ ដារ៉ា បានអះអាងថា បរធនបាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយគោលការណ៍ចំនួន៣ ដូចជាការផ្តល់នូវភាពប្រាកដប្រជា សុវត្ថិភាព និងភាពបត់បែនដល់អ្នកវិនិយោគ ។
លោក ឡោ វិចិត្រ មានទស្សនៈថា ទីផ្សារបរធនបាលអាចត្រូវចំណាយពេល៥ឆ្នាំទៅមុខទៀត ដើម្បីមានភាពចាស់ទុំនៅកម្ពុជា ហើយក្រុមហ៊ុនបរធនបាល ត្រូវតែបង្កើតទំនុកចិត្តពិតប្រាកដ នៅក្នុងចិត្តរបស់អ្នកវិនិយោគ ក្រៅពីអប់រំពួកគេ។
លោក ឡោ វិចិត្រ បានចង្អុលប្រាប់ថា“ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ ត្រូវបង្កើតភាពជឿជាក់របស់ពួកគេ និងរក្សាបាននូវកេរ្តិ៍ឈ្មោះរយៈពេលវែងល្អ ដើម្បីឲ្យអ្នកវិនិយោគបរទេសជឿជាក់លើសេវាកម្មរបស់ពួកគេ”។
វិនិយោគិនក៏មានការព្រួយបារម្ភផ្សេងទៀត ទាក់ទងនឹងបរធនបាលនៅក្នុងទីផ្សារកម្ពុជាផងដែរ ដែលបញ្ហាសំខាន់នោះគឺផ្នែកពន្ធដារដែលរដ្ឋាភិបាល មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់លាស់ ខណៈនិយតករបរធនបាល នៅតែបន្តធ្វើការជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) លើរចនាសម្ព័ន្ធពន្ធដដែល។
លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងអធិការកិច្ចនៃនិយតករបរធនបាលកិច្ច បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា និយតករកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ លើដំណើរការនៃក្រុមហ៊ុនបរធនបាល និងវាយតម្លៃប្រសិទ្ធភាពរបស់ពួកគេផងដែរ ក្រៅពីធ្វើការជាមួយ GDT សម្រាប់រចនាសម្ព័ន្ធពន្ធលើការវិនិយោគ។
លោក Clint O’Connel ប្រធានគណៈកម្មាធិការពន្ធនៃសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅកម្ពុជា បានអះអាងថា “ការយកពន្ធទ្វេរដង គឺខុសផ្ទុយនឹងច្បាប់អន្តរជាតិ និងច្បាប់ដែលត្រូវបានបង្កើតឡើង ហើយលោកសង្ឃឹមថា GDT នឹងជៀសវាងពីវិធានការបែបនេះ”។
ខណៈដែលសំដៅទៅលើការរំពឹងទុក ទាក់ទងនឹងពន្ធសម្រាប់ការវិនិយោគ តាមរយៈបរធនបាលកិច្ច លោក Anthony Galliano ប្រធានសភាពាណិជ្ចកម្មអាមេរិក AmCham សង្ឃឹមថា “រដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយប្រភពដោយភាព សមហេតុសមផលជាមួយនឹងសំណើរចនាសម្ព័ន្ធពន្ធដារ”។
ទោះជាយ៉ាងណាក្តី លោក Anthony បញ្ជាក់ថា បរធនបាលកិច្ចនឹងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ ដោយសារវាផ្តល់សុវត្ថិភាពដល់អ្នកវិនិយោគបរទេស ក្នុងការកាន់កាប់អចលនទ្រព្យ។ ប៉ុន្តែលោកក៏ចង់ឃើញការពង្រីកទីផ្សារ មូលធននៅកម្ពុជាផងដែរ។
លោក Ruwan Hulugalle មកពីក្រុមហ៊ុន BNG Legal ដែលបានធ្វើការយ៉ាងទូលំទូលាយ ជាមួយសហគមន៍វិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង១៥ឆ្នាំមកហើយនោះ បានលើកឡើងថា ច្បាប់ស្តីពីបរធនបាលកិច្ចរបស់កម្ពុជា ត្រូវបានស្វាគមន៍ដោយអ្នកវិនិយោគ ព្រោះវាជួយផ្តល់ភាពច្បាស់លាស់បន្ថែមទៀតដល់របបវិនិយោគបរទេស(foreign investment regime)។
លោកបន្តថា“តាមទស្សនៈអាជីវកម្ម ការអនុវត្តដោយជោគជ័យនៃច្បាប់នេះ ទំនងជាផ្តល់អត្ថប្រយោជន៍ ដល់ទីផ្សារអចលនទ្រព្យ ក៏ដូចជាទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ដោយសារពួកគេកាន់តែទំនើប ដោយកម្ពុជាបានប្រកាន់យកនូវជំហរជឿនលឿន ឆ្ពោះទៅរកការវិនិយោគបរទេស ធៀបនឹងដៃគូក្នុងតំបន់របស់ខ្លួន”។
លោកបានចង្អុលបង្ហាញទៀតថា “ប្រព័ន្ធបរធនបាលបានជំនួសប្រព័ន្ធចាស់ ដែលត្រូវបានប្រើប្រាស់ពីមុន ដោយជនបរទេសនៅលើទីផ្សារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចត្រួតពិនិត្យ និងធ្វើសវនកម្មលើក្រុមហ៊ុនបរធនបាល ដើម្បីធានាថាពួកគេកំពុងត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ”។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្ត ក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច តាមរយៈការបង្កើតការយល់ដឹងបន្ថែមទៀត អំពីវាផងដែរ។
លោក សុខ ដារ៉ា បានមានប្រសាសន៍បន្ថែមថា ដោយសារវិស័យបរធនបាលកិច្ច គឺមានភាពថ្មីស្រឡាង សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះនិយតករកំពុងដំណើរការយុទ្ធនាការអប់រំ និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងក្នុងចំណោមអង្គភាពពាក់ព័ន្ធ និងសាធារណជនទូទៅ៕