តើការវិនិយោគ របស់វិស័យ ឯកជន ចូលរួមសារៈសំខាន់បែបណាសម្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អាស៊ី?

0

ដោយ: គង់ លាងហួរ
អន្តរជាត: រដ្ឋាភិបាលក្នុងតំបន់អាស៊ីត្រូវតែបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមអ្នកជំនាញដែលតស៊ូមតិលើយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

លោក Sithanonxay Suvannaphakdy អតីតអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរីបានលើកឡើងថា យន្តការបែបនេះទាមទារឱ្យមានកិច្ចសហការបន្ថែមទៀតរវាងវិស័យសាធារណៈ និងឯកជនដើម្បីបង្កើនភាពជាដៃគូ។

លោកបានមានប្រសាសន៍បន្តថា “ភាពជាដៃគូសាធារណៈ និងឯកជនកាន់តែច្រើន គួរតែកាត់បន្ថយសម្ពាធលើរដ្ឋាភិបាលក្នុងតំបន់អាសុី ដែលបានជួបប្រទះឱនភាពថវិកាធ្ងន់ធ្ងរ ដោយសារការចំណាយលើជំងឺរាតត្បាតដ៏ធំក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ហើយអាជ្ញាធរក្នុងតំបន់ក៏គួរតែបង្កើតបរិយាកាសអាជីវកម្ម និងការវិនិយោគដែលអំណោយផលផងដែរ”។

កាលពីថ្ងៃទី២ ខែឧសភា ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូករួមនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលចំនួន៣រូប បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា “វិធីសាស្រ្តផ្តល់ហិរញ្ញប្បទានឡើងវិញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងមានភាពធន់នៅក្នុងតំបន់អាស៊ាន+៣”។

អាស៊ាន+៣ សំដៅលើប្លុករបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង១០ បូកថែមជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា តំបន់អាស៊ីកំពុងអភិវឌ្ឍនឹងត្រូវការទុនវិនិយោគចំនួន១៣,៨ពាន់ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់សេដ្ឋកិច្ចតំបន់អាស៊ានត្រូវបានគេប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន២,៨ពាន់ពាន់លានដុល្លារអាមេរិក។

លោក Ruth Banomyong សាស្ត្រាចារ្យផ្នែកធុរកិច្ចអន្តរជាតិ ភស្តុភារ និងដឹកជញ្ជូន នៅសកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បានមានប្រសាសន៍ថា ខណៈជិតឈានដល់ការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ គេមានការយល់ឃើញខ្លះថា អ្វីៗមិនទាន់បានធ្វើទៅតាមផែនការនៅឡើយ ហើយការអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀតគឺគ្មានអ្វីថ្មីនោះទេ។

លោក ថោង ម៉េងដាវីត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា “វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ជាម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា “វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងតំបន់អាសុីក្នុងការធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់មូលនិធិ នៅពេលនិយាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here