សុខុម
ហុងកុង: ដីទំនេរ ឬដីមិនទាន់អភិវឌ្ឍន៍ដែលនៅសល់កាន់តែតិចទៅៗ និងតម្រូវការអចលនទ្រព្យធ្លាក់ចុះ ទំនងជារារាំងផែនការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន កាន់តែច្រើនឡើងដែលបានខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់ ហើយកំពុងរៀបចំឥណទានឡើងវិញដើម្បីមានឱកាសស្ដារទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ។
ឧបសគ្គទាំងនេះអាចធ្វើឱ្យរាំងស្ទះដល់ការជំរុញការលក់ និងសាច់ប្រាក់ដែលបណ្ដាក្រុមហ៊ុនអចលនទ្រព្យត្រូវការដើម្បីស្ដារអាជីវកម្ម និងរៀបចំបំណុលរបស់ខ្លួនឡើងវិញក្នុងរយៈពេលវែង។ នេះបើយោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកប្រឹក្សាយោបល់ខាងរៀបចំឥណទានឡើងវិញចំនួន៥បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា។
ពួកគេបានគូសបញ្ជាក់ថា នៅទីបំផុតឧបសគ្គទាំងនេះអាចនឹងធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនរៀបចំឥណទានឡើងវិញជាជុំទី២។
លោកស្រី Esther Liu អ្នកវិភាគមកពីទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាមេរិក S&P Global Ratings ថ្លែងថា “កិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញភាគច្រើនដែលយើងមើលឃើញនៅពេលនេះ គឺគ្រាន់តែជាការពន្យារពេលបណ្ដោះអាសន្នសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍តែប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាអាចនឹងត្រលប់មកវិញ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះមិនអាចបង្កើតរំហូរសាច់ប្រាក់ដូចដែលពួកគេបានរំពឹងទុកទេនោះ”។
ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន នានាបានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការរឹតបន្តឹងកម្រិតបំណុលដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅពេលនោះ China Evergrande Group ធ្លាក់ចូលក្នុងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ហើយបន្ទាប់មកវិបត្តិនេះបានរីករាលដាលពាសពេញក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបោះផ្សាយមូលបត្រច្រើនបំផុតបំផុតនៅអាស៊ី។
វិបត្តិនេះបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានាជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតឈានទៅដល់ការខកខានទូទាត់បំណុលជាបន្តបន្ទាប់។ ជាក់ស្ដែង ក្រុមហ៊ុន Evergrande និងក្រុមហ៊ុន Sunac China គឺជាក្រុមហ៊ុនលេចធ្លោជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលបានប្រកាសលក្ខខណ្ឌរៀបចំបំណុលនៅឯនាយសមុទ្ររបស់ពួកគេឡើងវិញគិតមកទល់ពេលនេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកប្រឹក្សាយោបល់លើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតត្រូវបានរំពឹងថានឹងប្រកាសលក្ខខណ្ឌរៀបចំបំណុលឡើងវិញដូចគ្នានេះដែរនៅប៉ុន្មានខែខាងមុខ។
គោលបំណងនៃការរៀបចំបំណុលឡើងវិញ គឺដើម្បីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍រួចផុតពីកាតព្វកិច្ចទូទាត់បំណុលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ដើម្បីឱ្យពួកគេមានពេលវេលាដកដង្ហើមគ្រប់គ្រាន់ក្នុងការក្រោកឈរឡើងវិញ។
ទោះជាយ៉ាងណា ការរស់រានឡើងវិញនេះហាក់មិនប្រាកដប្រជានោះឡើយ ខណៈសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់ប្រទេសចិន កំពុងដាំក្បាលចុះ។ ការវិនិយោគ និងការលក់អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ឆ្នាំ២០២៣ នេះ ហើយល្បឿននៃការកើនឡើងតម្លៃផ្ទះក៏បានធ្លាក់ចុះដែរអំឡុងខែនេះ៕ Reuters៕