រដ្ឋាភិបាលប្រសិទ្ឋនាមព្រែកជីកពីទន្លេបាសាក់ទៅកាន់សមុទ្រជា​”ព្រែកជីកហ្វូណនតេជោ”

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ បានសម្រេចដាក់ឈ្មោះផ្លូវទឹកជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រសិទ្ធនាមថា “ព្រែកជីកហ្វូណនតេជោ”។

ទន្ទឹមនឹងការទទួលយកគម្រោងនេះ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានប្រគល់ភារកិច្ច​ដល់គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធគម្រោងសា​ង​សង់ ​ផ្លូវ​នាវាចរណ៍ទន្លេបាសាក់នេះ ទៅបណ្តាប្រទេសជា សមាជិកនៃគណៈកម្មការ​ទន្លេ​មេ​គង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍប្រកប​ដោយចីរភាព នៃតំបន់អាងទន្លេមេគង្គឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥។

កិច្ចប្រជុំ ក៏បានសម្រេចប្រគល់ភារកិច្ច ជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀប​ចំ​គម្រោងវិនិយោគខាងលើនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយ​ការណ៍​ជូនប្រមុខរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន – វិមាន៧មករា

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​ នៃការ​ប្រើប្រាស់សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើន ឈានទៅមុខមួយកម្រិតថែមទៀ​ត និងផ្តល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូន តាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា ​សមិទ្ធិ​លទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។ តាមការ​សិក្សាបានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដា​អន្តរ​ជាតិ ​ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុង​ជ្រោយ ​លើផ្នែកបច្ចេកទេសនិងបរិស្ថានសម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។

ឯកឧត្តម ស៊ុន ចាន់ថុល៖ បញ្ហាសុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ាន ទាំងមូល - ក្រសួងព័ត៌មាន

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here