ដោយៈ ជេស៊ីកា
ភ្នំពេញៈ របាយការណ៍សិក្សាទូទៅបានបង្ហាញថា ផ្លូវទឹកនេះមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤។
ខេត្តទាំងបួននោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ឯកសារសិក្សាដដែលបានបង្ហាញថា ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទ ដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើប្រាស់Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។
គម្រោងនេះនឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន១១កន្លែង។
លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃ
គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យម តិចជាង២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។
ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹក នឹងត្រូវបើកចំហ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃ ពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះ ជាចំនួនតិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍១០០ភាគរយក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាចគ្រប់គ្រងបាន តាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥
គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈ ជាការប្រើប្រាស់ និងបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាងទន្លេដទៃផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។
យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងទន្លេរមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាចអនុវត្តបាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍ នៃការសិក្សាលម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការយល់ព្រមណាមួយ ពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។
* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ
លទ្ធផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់មានដង់ស៊ីតេ ប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋារចនាសម្ព័ន្ធជាតិធំៗនោះទេ។តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ ដែលបានជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែលងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច
គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគ ប្រមាណ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែប របស់វៀតណាមប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប២៦ខែ។
ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាពប្រើរយៈពេល១២ខែ។
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាព ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។
តាមរយៈការសិក្សា របស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណន មកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយខ្សែផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។
គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុត ទាំងលើផ្នែកបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច៕